(ភ្នំពេញ)៖ នៅម៉ោង៧៖០០នាទយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ ការប្រកួតបាល់ទាត់ SEA Games 2019 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង U22 គោព្រៃកម្ពុជា និងU22 នាគមាសវៀតណាម នឹងចាប់ផ្តើមឡើងក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់ជាតិកម្ពុជាទាំងមូល ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ លើវិស័យបាល់ទាត់ក្នុងរយៈពេល ៦០ឆ្នាំមកនេះ ដែលកម្ពុជាមិនដែលបានឆ្លងកាត់ពូលបាននោះឡើយ។ ការប្រកួតនៅរាត្រីនេះ សម្រាប់មហាជនទូទាំងប្រទេសជាសមរភូមិខាងក្រោយ ដើម្បីលើកទឹកចិត្តក្រុមកីឡាករទាំងអស់។ តាមរយៈការផ្តល់កម្លាំងចិត្តដ៏ខ្លាំងក្លានេះ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តព្រះវិហារ ជាដើម បានរៀបចំការបញ្ចាំងស្លាយនៃការប្រកួតផ្ទាល់ ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជនបានមើលបន្តផ្ទាល់នៃការប្រកួត។

ជាមួយគ្នានេះ មានមហាជន និងប្រជាពលរដ្ឋជាច្រើននាក់ តាមរយៈបណ្តាញព័ត៌មាន Fresh News សូមស្នើសុំដល់អភិបាលខេត្តផ្សេងទៀតនៅទូទាំងខេត្ត គួររៀបចំការចាក់បញ្ចាំងស្លាយ នៃការប្រកួតរវាងក្រុមទាំង២ នារាត្រីនេះ ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាកររបស់យើង ដែលកំពុងប្រកួតនោះ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ នៃការប្រកួតបាល់ទាត់ នៅសួនមុខវត្តបទុមវតី និងមុខណាហ្គា សួនច្បារសម្ដេចតេជោ ហ៊ុន សែន, រដ្ឋបាលខេត្តាកែវ នឹងរៀបចំការចាក់ស្លាយនៅសួនច្បារមាត់បឹងតាកែវ ខេត្ដតាកែវ ហើយរដ្ឋបាលខេត្តព្រះវិហារ នឹងចាក់ស្លាយនៅក្នុងបរិវេណពហុកីឡដ្ឋានខេត្ត ស្ថិតក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ការប្រកួតដ៏កម្រនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ក៏ដូចជាអ្នកគាំទ្រវៀតណាម ដ្បិតនេះគឺជាលើកដំបូង ដែលក្រុមទាំងពីរបានជួបគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កម្ពុជា និងវៀតណាម ធ្លាប់ជួបគ្នា៣លើកមកហើយ ក្នុងវគ្គជម្រុះតាមពូល នៃព្រឹត្តិការណ៍នេះ ដោយកម្ពុជាបានបរាជ័យទាំង៣ប្រកួត ពោលគឺឆ្នាំ១៩៩៥ ចាញ់ ៤-០, ឆ្នាំ២០០៩ ចាញ់៦-១ និងឆ្នាំ២០១៧ ចាញ់ ៤-១៕