(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអរគុណអង្គការ School Aid japan ប្រទេសជប៉ុន ដែលបានជួយឧបត្ថម្ភ អគារសិក្សាថ្មី ១ខ្នង មាន ៤បន្ទប់ និងសមិទ្ធផលនានាជូនដល់សាលាបឋមសិក្សាក្បាលដំរី ក្នុងភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបំពេញតម្រូវការរបស់សិស្ស ដែលកំពុងមានកំណើនជារៀងរាល់ឆ្នាំ។

លោកបន្តថា ការចូលរួមអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះបាននឹងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឱ្យកុមារគ្រប់ៗរូបបានចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្នសមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត។

ការថ្លែងអរគុណនេះ បានធ្វើឡើងខណៈលោក វង សូត និងលោកស្រី អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី១ខ្នង មាន៤បន្ទប់ និងសមិទ្ធផលនានា នៅបឋមសិក្សាក្បាលដំរី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ។ ក្នុងនោះ មានការអញ្ជើញចូលរួមពីលោក Kazuiaka lio (អ៊ីតូ កាហ្សឹតាកា) នាយកប្រតិបត្តិអង្គការschool Aid japan និងលោក Fajioka Ioru ប្រធានFujiplane ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក វង សូត បានលើកឡើងយ៉ាងដូច្នេះថា «សូមឱ្យក្មួយៗ ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេន ទៅថ្ងៃអនាគតនោះ គប្បី ខិតខំសិក្សារៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួមថែរក្សាការពារសមិទ្ធផល បានយូរអង្វែង ជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយ ក៏ដូចអាជ្ញាធរខេត្ត ពិសេស មាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗនោះតែម្តង»

រដ្ឋមន្ត្រី វង សូត បានផ្ដាំផ្ញើដល់មាតាបិតាទាំងអស់ សូមឲ្យមាតាបិតាឬអាណាព្យាបាលសិស្សានុសិស្សទាំងអស់ ត្រូវដាស់តឿន កូនចៅ ឲ្យខិតខំរៀនសូត្រ ដើម្បីអនាគត របស់ពួកគេក្លាយជាទំពាំងស្នងឬស្សី និងជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ ម៉្យាងទៀត ត្រូវចូលរួមថែរក្សាអគារសិក្សានេះ ឲ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ បានសិក្សារៀនសូត្របន្តទៀត។

បន្ទាប់មកលោករដ្ឋមន្ត្រី វង សូត និងលោកស្រី បានបំពាក់គ្រឿងឥស្សរិយស ជូនដល់ម្ខាស់ជំនួយ និងចែកអំណោយជួនសល់ លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀល, ប្រជាពលរដ្ឋ ៥៥០នាក់ ក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល, សិស្សានុសិស្ស យុវជន សហភាពសហព័ន្ធយុវជនកម្ពុជា, យុវជនកាកបាទក្រហមកម្ពុជា ក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល ។

បើតាមការឲ្យដឹងពី លោក លី សុខភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា សមិទ្ធផលថ្មីមួយទៀតហើយគឺអាគារសិក្សាថ្មី ១ខ្នង ស្មើនឹង០៤បន្ទប់ ដែលជាអំណោយរបស់អង្គការ School Aid japan ប្រទេសជប៉ុន ជូនដល់ប្រជាពលរដ្ឋពិសេស គឺសិស្សានុសិស្ស នៅ សាលាបឋមសិក្សាក្បាលដំរី ក្នុងភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕