(ព្រៃវែង)៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីក្មេងលង់ទឹកស្លាប់បានកើតឡើងជាបន្តបន្ទាប់នៅខេត្តព្រៃវែង។

ជាក់ស្តែងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ មានកុមារ២នាក់បងប្អូនបានស្លាប់ដោយសារលង់ទឹកនៅស្រុកពារាំង និងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ មានកុមារ៣នាក់ផ្សេងទៀត បានលង់ទឹកស្លាប់នៅស្រុកបាភ្នំ និងស្រុកមេសាង ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

របាយការណ៍របស់នគរបាលខេត្តព្រៃវែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែធ្នូនេះ បានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែធ្នូម្សិលមិញ មានករណីកុមារលង់ទឹកស្លាប់៣នាក់ កើតឡើង២ករណីផ្សេងគ្នា។

ករណីទី១៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៤៖២០នាទីរសៀល នៅស្រះទឹកមួយកន្លែង ស្ថិតនៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង មានក្មេងប្រុស២នាក់ លង់ទឹកស្លាប់។ ក្មេងប្រុសរងគ្រោះ ទី១៖ ឈ្មោះ ប៉ូច សីហា អាយុ៣ឆ្នាំ មានទីលំនៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង មានឪពុកឈ្មោះ ទឹម ប៉ូច អាយុ៣២ឆ្នាំ និងម្ដាយឈ្មោះ ចុន ចាន់ អាយុ២៧ឆ្នាំ និងក្មេងប្រុសរងគ្រោះទី២៖ ឈ្មោះ ធាង រដ្ឋា អាយុ១ឆ្នាំកន្លះ មានទីលំនៅភូមិជាមួយគ្នា ឪពុកឈ្មោះ យ៉ន ធាង អាយុ៤៨ឆ្នាំ និងម្ដាយឈ្មោះ ចុន ជាន អាយុ៣៧ឆ្នាំ។ មូលហេតុក្មេងប្រុសទាំង២នាក់ ដើរទៅតាមឪពុក ទៅបាចទឹកស្រែចេញពីស្រូវ បណ្តាលឲ្យរអិលជើងធ្លាក់ចូលក្នុងទឹកស្រះស្លាប់តែម្តង។

ករណីទី២៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៣៖៣០នាទីរសៀល នៅចំណុចភូមិស្នូល ឃុំស្ពឺ (ក) ស្រុកបាភ្នំ ខេត្តព្រៃវែង មានលង់ទឹកក្មេងប្រុសម្នាក់ស្រះស្លាប់។ ក្មេងប្រុសរងគ្រោះ ឈ្មោះ សិត វិសាល អាយុ១ឆ្នាំកន្លះ មានទីលំនៅភូមិស្នូល ឃុំស្ពឺ (ក) ខេត្តព្រៃវែង, ឪពុកឈ្មោះ សាត សិត អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្នូល ឃុំស្ពឺ (ក) ស្រុកបាភ្នំ ខេត្តព្រៃវែង និងម្ដាយឈ្មោះ ផន់ ភារុន អាយុ២៤ឆ្នាំ មានទីលំនៅ នៅភូមិស្នូល ឃុំស្ពឺ (ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។ មូលហេតុនៃការរងគ្រោះនេះ ដោយម្តាយរវល់ទៅយកម៉ាស៊ីនសាំង បូមទឹកនៅឯងស្រែជិតផ្ទះ ហើយទុកកូនចោល បណ្តាលឲ្យលង់ទឹកស្រះស្លាប់តែម្តង។

ជាមួយគ្នានេះ អាជ្ញាធរ និងកម្លាំងនគរបាលមានសមត្ថកិច្ច ខេត្តព្រៃវែង សូមអំពាវនាវដល់ឪពុកម្តាយក្មេងទាំងអស់ សូមមេត្ដាកុំឲ្យក្មេងដើរលេងឆ្ងាយ ជាពិសេសកន្លែងដែលមានទឹក ត្រូវប្រុងប្រយ័ត្នកូនៗរបស់ខ្លួន ដើម្បីបង្ការទប់ស្ដាត់គ្រោះថា្នក់ ដែលអាចកើតឡើងជាយថាហេតុ៕