(ឥណ្ឌូនេស៊ី)៖ ប្រធានសមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា ហៅកាត់ថា (CMIU) លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូ តំណាងបញ្ញវ័ន្ដមុស្លិមកម្ពុជា រួមមានសមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំក្រសួងនានា ចូលរួមពិធីបេីកសន្និសីទ បញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ (ICMA) ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ បណ្ឌិត Ma'ruf Amin អនុប្រធានាធិបតី សាធារណរដ្ឋ ឥណ្ឌូណេស៊ី នៅឯសាកលវិទ្យាល័យជាតិប៉ាដាំង ទីក្រុងប៉ាដាំង កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូនេស៊ីដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង បង្រួបបង្រួមបញ្ញវន្តមុស្លិមទូទាំងបណ្ដាប្រទេសជាសមាជិកអាស៊ាន នឹងការពិភាក្សាជាយុទ្ធសាស្ត្រទាក់ទងនឹងលក្ខន្តិកៈនៃសមាគម ច្បាប់ការងារ រចនាសម្ព័ន្ធថ្នាក់ដឹកនាំនៃ ICMA រួមជាមួយនឹងប្រធានបទពាក់ព័ន្ធដទៃទៀត ផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការរួមគ្នាររវាងបញ្ញវន្តមុស្លិមនៃប្រទេសជាសមាជិកដោយភាតរភាព នឹងរឹតចំណងទំនាក់ទំនងឲ្យបានកាន់តែប្រសើរឡើងនិងយូរអង្វែង។

គួរបញ្ជាក់ជូនថា សមាគមបញ្ញាវ័ន្តមុស្លិមអាស៊ីអាគ្នេយ៍ (ICMA) ត្រូវបានបង្កើតឡើង កាលពីខែធ្នូ ឆ្នាំ ២០១៨ នៅទីក្រុងឡាំពុង សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានសមាជិកចំនួន ១១ ប្រទេស រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ីព្រុយណេ ថៃ សិង្ហបុរី ហ្វីលីពីន កម្ពុជា វៀតណាម ឡាវមីយ៉ាន់ម៉ា និងទីម័រខាងកើត៕