(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្រូវរបស់ប្រជាពលរដ្ឋដែលជួបនៅគ្រោះរាំង ស្ងួតប្រមាណ ៣០ ហិកតា នៅភូមិបបូស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្រោយពីការចុះពិនិត្យ លោក អ៊ុន ចាន់ដា បានឲ្យដឹងថា នៅស្អែកនេះ ក្រុមការងារនៃមន្ទីរធនធានទឹក និងអាជ្ញាធរស្រុកកំពង់សៀម រួមជាមួយ មន្ត្រីមន្ទីរកសិកម្ម នឹងចុះរៀបចំដំឡើងគ្រឿងចក្រ ម៉ាស៊ីនបូមទឹក និងភ្ជាប់បណ្ដាញដើម្បី បូមទឹកចូលស្រែ ជាដំណាក់ៗរហូតសង្គ្រោះបានទាំងអស់គ្នា។

លោកអភិបាលខេត្តឲ្យដឹងទៀតថា «កិច្ចការនេះ អាជ្ញាធរខេត្តទទួលបានការគាំទ្រពីសំណាក់លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង លោករដ្ឋមន្ត្រីក្រសួងកសិកម្មផងដែរ ដោយមិនបណ្ដោយឱ្យប្រជាពលរដ្ឋជួបការលំបាកចំពោះមុខនេះទៀតទេ ពោលគឺអាជ្ញាធរខេត្ត ប្រើប្រាស់រកមធ្យោបាយ ឲ្យអស់លទ្ធភាព ដើម្បីជួយដល់ពួកគាត់ឱ្យបានភោគផលទាំងអស់គ្នា៕