(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយដាក់ចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលតែងតែកើតមាននៅកម្ពុជា ជារៀងរាល់ឆ្នាំ ពិសេសក្នុងរដូវប្រាំង។

ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា កត្តាចម្បងដែលបង្កឲ្យមានជំងឺឆេះព្រៃញឹកញាប់បំផុត នារដូវប្រាំង មានជាអាទិ៍៖ ការកាប់ឆ្ការដុតរានព្រៃធ្វើជាកម្មសិទ្ធិ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងទីលំនៅថ្មីៗ និងការដុតព្រៃដើម្បីចាប់សត្វព្រៃ និងការធ្វេសប្រហែសរបស់មនុស្សជាដើម។

ដើម្បីបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្រសួងបរិស្ថាន សូមធ្វើសេចក្តីណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ច រួមទាំងប្រជាសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យអនុវត្តវិធានការដូចខាងក្រោម៖

១៖ អប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ ភ្លើងជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការដុតស្មៅ និងព្រៃស្ទាក់ចាប់សត្វ និងការប្រមូលផល អនុផលព្រៃឈើ។

២៖ ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាស់ និងបង្កឲ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលដល់ផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

៣៖ ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ កម្ទេចកំទីផ្សេងៗ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

៤៖ រៀបចំធ្វើផ្លូវភ្លើង ដើម្បីការពារការឆេះរាលដាល ពីកន្លែងមួយទៅកន្លែងមួយទៀត។

៥៖ មន្ទីរបរិស្ថានរាជធានី-ខេត្ត ត្រូវណែនាំអ្នកពាក់ព័ន្ធ អនុវត្តវិធានការបច្ចេកទេសសមស្រប ដែលអាចធានាបានសុវត្ថិភាពចំពោះភ្លើងព្រៃ ដោយត្រូវពន្លត់ភ្លើងឲ្យអស់ជាចាំបាច់ មុនពេលចាកចេញពីទីតាំង ប្រើប្រាស់ភ្លើងនោះ។

៦៖ មន្ទីរបរិស្ថានរាជធានី-ខេត្ត និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងប្រើប្រាស់ក្នុងករណីមានភ្លើងឆេះព្រៃជាយថាហេតុ។

៧៖ ក្នុងករណីកើតមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ សូមសមត្ថកិច្ចពាក់ព័ន្ធប្រញាប់ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន ដោយស្នើឲ្យគណៈបញ្ជាការ ឯកភាពរាជធានី-ខេត្ត ដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើប្រាស់កម្លាំងចម្រុះរួមមាន ប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅក្នុងមូលដ្ឋាននោះ រួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងឆេះព្រៃឲ្យមានប្រសិទ្ធភាព។

៨៖ ត្រូវសហការជាមួយរដ្ឋបាល ថ្នាក់ក្រោមជាតិពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការចូលទន្ទ្រាន កាន់កាប់ដីព្រៃឈើ និងព្រៃលិចទឹកដែលឆេះរួច ដើម្បីទុកលទ្ធភាពឲ្យរុក្ខជាតិដុះលូតលាស់ឡើងវិញ តាមលក្ខណៈធម្មជាតិ ឬដាំស្តារឡើងវិញ៕