(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រី នៃកម្ពុជា អំពាវនាវអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវ តាមវិជ្ជាជីវៈសារព័ត៌មាន ខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការវិវត្ត នៃបច្ចេកវិទ្យាការប្រកួតប្រជែងទីផ្សារ ឱ្យកាន់តែមានសក្តានុពល និងរិះរកវិធានការទប់ស្កាត់ បន្សាបរាល់ព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិបុគ្គលឯកជន សន្តិសុខជាតិ និងស្ថិរភាពនយោបាយនៅកម្ពុជា។

នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី «សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.0» នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ។

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញ បេសកកម្មលើវិស័យព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវ តាមវិជ្ជាជីវៈសារព័ត៌មាន និងខិតខំអភិវឌ្ឍសមត្ថភាព របស់ខ្លួនបន្ថែមទៀត ទាំងសមត្ថភាពផ្នែកជំនាញបច្ចេកទេស ទាំងសមត្ថភាពការផលិតព័ត៌មាន និងការវិភាគព័ត៌មានឱ្យបានស៊ីជម្រៅកម្រិតអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងការប្រកួតប្រជែងទីផ្សារ ឱ្យកាន់តែមានសក្តានុពលថែមទៀត ព្រមទាំងរិះរកវិធានការទប់ស្កាត់ បន្សាបរាល់ព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិបុគ្គលឯកជន សន្តិសុខជាតិ និងស្ថិរភាពនយោបាយនៅកម្ពុជា»

តាមរយៈសារលិខិតដដែល សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សិទ្ធិ សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ហើយបានផ្តល់អាទិភាពជាចម្បង នៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលទាំងនៅក្នុងដំណាក់កាលទីបី និងដំណាក់កាលទីបួន ដល់វិស័យសារព័ត៌មាន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការស្តាប័នសារព័ត៌មានដែលមានថាមពលប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងមានភាពស្មោះត្រង់ ចំពោះវិជ្ជាជីវៈដែលតម្រូវឱ្យអ្នកសារ ព័ត៌មានរបស់ យើងស្តាប់គ្រប់សំឡេងភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត ហើយធ្វើការឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គម និងជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ បំប៉ោងសភាពការណ៍ ញុះញង់ឱ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរ អសន្តិសុខ ឬបង្កឱ្យកើតមាន ជម្លោះប្រដាប់អាវុធ ជាមួយប្រទេសជិតខាង ធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន។

សម្តេតេជោ ហ៊ុន សែន មានប្រសាន៍បញ្ជាក់ថា ក្រៅពីបញ្ហាប្រឈមទៅនឹងព័ត៌មានក្លែងក្លាយ ដែលសកលលោកកំពុងព្រួយបារម្ភ ស្ថាប័នសារព័ត៌មាន ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍ ចំណេះដឹងថែមទៀត ទាំងសមត្ថភាពយល់ដឹងនៃការ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ផលិតព័ត៌មាន ការរក្សាទុកទិន្នន័យ និងបញ្ជូនព័ត៌មាន ទាំងសមត្ថភាព វិភាគព័ត៌មានក្នុង និងក្រៅប្រទេសឱ្យបានស៊ីជម្រៅកម្រិតអន្តរជាតិ និងការចែករំលែកព័ត៌មានបានរហ័ស ទាន់សភាពការណ៍ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដែលអាចទុកចិត្តបានព្រមទាំងជំរុញការអភិវឌ្ឍ ទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល ឱ្យបានសមស្របទាន់ សភាពការណ៍វិវត្ត នៃបច្ចេកវិទ្យាជីឌីថល ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារ លើវិស័យព័ត៌មាន រវាងសារព័ត៌មានប្រពៃណី ជាមួយសារព័ត៌មាន សម័យថ្មី ក៏ដូចជាការប្រកួតប្រជែង រវាងវិស័យសារព័ត៌មានសម័យថ្មី ជាមួយបណ្តាញផ្សព្វផ្សាយសង្គម ដែលកំពុងដណ្តើមទីផ្សារ នាពេលបច្ចុប្បន្ន៕