(ស្វាយរៀង)៖ នៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នា ចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍» នៅព្រឹកថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០១៩នេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងលើកឡើងថា រាល់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទាំងអស់ត្រូវឈរលើគោលការណ៍ សមធម៌ សមភាពយេនឌ័រ និងសិទ្ធិមនុស្ស។

លោក តូច ប៉ូលីវ៉ា បានបន្តថា «សូមប្រជាពលរដ្ឋទាំងអស់ សស្រាក់សស្រាំទប់ស្កាត់ការឆ្លងមេរោគអេដស៍ ឆាប់ទៅធ្វើតេស្តឈាម ឆាប់ទៅទទួលសេវា ឈនឆ្ពោះទៅបញ្ចប់អេដស៍ និងសូមបុគ្គលិកគ្រឹះស្ថានកម្សាន្តសប្បាយ និងអតិថិជនទាំងអស់ ប្រើប្រាស់ស្រោមអនាម័យ ឲ្យបានជាប់លាប់១០០% រៀងរាល់ពេលមានទំនាក់ទំនងរួមភេទ»

លោកបានបន្តថា បុរសចូលរួមទទួលខុសត្រូវយ៉ាងសកម្មចំពោះខ្លួនផ្ទាល់ ភារិយា ដៃគូ និងកូនចៅរបស់ខ្លួន ចៀសផុតពីសោកនាកម្មបង្កដោយការឆ្លងមេរោគអេដស៍ និងយុវវ័យទាំងអស់ កុំឆាប់ប្រឡូកនឹងការរួមភេទ ហើយត្រូវចាកចេញឲ្យឆ្ងាយពីគ្រឿងញៀន ដែលជាកត្តាប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេសដ៍។ ស្ដ្រីមានផ្ទៃពោះទាំងអស់ ត្រូវទៅទទួលការធ្វើតេស្តឈាមរកមេរោគអេដស៍ ហើយបើមានតេស្តវិជ្ជមាន ត្រូវប្រញាប់ស្វែងរកសេវាបង្ការការចម្លងមេរោគអេដស៍ ពីម្ដាយទៅកូនឲ្យបានឆាប់រហ័ស នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យនានា។

លោកក៏បានថ្លែងបញ្ជាក់ថា សូមអ្នកដែលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវប្រញាប់ស្វែងរកការធ្វើតេស្តឈាមរកមេរោគអេដស៍ឲ្យបានឆាប់រហ័ស នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដើម្បីឈានទៅទទួលការព្យាបាលបានទាន់ពេលវេលា។ អ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍ទាំងអស់ ត្រូវប្រញាប់ទៅទទួលការព្យាបាលឲ្យបានឆាប់រហ័ស និងគោរពវេជ្ជបញ្ជាឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារ ការស្រុតចុះសុខភាព និងចៀសវាងការកើតនូវភាពស៊ាំរបស់មេរោគអេដស៍ទៅនឹងឱសថប្រឆាំងមេរោគអេដស៍ ដែលជាមូលហេតុនៃមរណភាពដោយសារជំងឺអេដស៍ និងសូមកុំបន្តចម្លងមេរោគអេដស៍ដល់អ្នកដទៃទៀត។

លោក តូច ប៉ូលីវ៉ា ថ្លែងថា «យើងទាំងអស់គ្នា ចាត់ទុកអ្នកផ្ទុកមេរោគអេដស៍ ជាជនរងគ្រោះ ជាសមាជិកគ្រួសារ សហគមន៍ និងសង្គមយើងដែលធ្លាប់រស់នៅជាមួយគ្នា និងនៅតែរួមចំណែកក្នុងផលិតភាព នៃសេដ្ឋកិច្ច នៃសេដ្ឋកិច្ចជាតិយើង ហើយត្រូវយើងត្រូវចូលរួមលុបបំបាត់រាល់ការរើសអើង និងការមាក់ងាយដល់ពួកគាត់ឲ្យបានជាដាច់ខាតនិងត្រូវផ្ដល់ការគាំទ្រគ្រប់លទ្ធភាព»