(បាត់ដំបង)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានបន្តកិច្ចប្រជុំគណៈកម្មការការពារកុមារថ្នាក់ជាតិ ដើម្បីពិនិត្យ និងផ្តល់ការឯកភាពលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក.ជ.ក និងមានការអញ្ជើញចូលរួមពីលោក លោកស្រី មកពីក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មការការពារកុមារថ្នាក់ជាតិ និងមន្រ្តី ក.ជ.ក ដោយមានការឧបត្ថម្ភពីអង្គការ PLAN។

គួរជម្រាបថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ធ្លាប់បានកំណត់យុទ្ធសាស្រ្តសំខាន់ចំនួន៥ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ កិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារ២០១៩ -២០២៣ ក្នុងគោលដៅសំខាន់ធ្វើយ៉ាងណា ឲ្យកុមារកម្ពុជាទទួលបានសិទ្ធិមូលដ្ឋានពេញលេញ។

យុទ្ធសាស្រ្តសំខាន់ទាំង៥នោះ រួមមាន៖ ការពង្រឹងកិច្ចការពារ និងពិនិត្យតាមដានការលើកកម្ពស់សិទ្ធកុមារ ការបង្កើនការអប់រំផ្សព្វផ្សាយ និងអភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងពង្រីកក្រុមការងារ ដើម្បីកុមារក្រសួងស្ថាប័ន ពង្រឹងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍន៍ភាពជាដៃគូ និងបង្កើនការអប់រំផ្សព្វផ្សាយពង្រឹងកិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមាររាជធានី-ខេត្ត៕