(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអះអាងប្រាប់លោកស្រី Boutheina Guermazi នាយកនៃនាយកដ្ឋានការអភិវឌ្ឍផ្នែកឌីជីថល នៃធនាគារពិភពលោកថា ប្រទេសកម្ពុជា មានតម្លៃអ៊ីនធឺណិត ស្ថិតក្នុងប្រទេស ដែលមានតម្លៃអ៊ីនធឺណិតធូរថ្លៃជាងគេ នៅលើពិភពលោក។

ការអះអាងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក អនុញ្ញាតឲ្យលោកស្រី Boutheina Guermazi ចូលជួបពិភាក្សាការងារ ក្នុងគោលបំណង ដើម្បីស្វែងយល់ពីវិស័យអាទិភាព ជាពិសេសដើម្បីផ្តល់ការគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងផែនការរៀបចំក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចឌីជីថល នៅទីស្ដីការក្រសួងប្រៃសណីយ៍។

លោករដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានបញ្ជាក់រយៈ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «ក្រសួងបានទទួលភារកិច្ចពីរាជរដ្ឋាភិបាល ក្នុងការរៀបចំក្របខណ្ឌរដ្ឋាភិបាលឌីជីថល និងបានយកចិត្តទកដាក់ផងដែរ ពីសារៈសំខាន់ក្នុងការបង្កើន ការបណ្តុះបណ្តាលចំណេះដឹងឌីជីថល។ ក្រសួងក៏បានផ្តោតលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័ត និងអ៊ីនធឺណិត រហូតដល់ជនបទក្នុងគុណភាពល្អ និងតម្លៃសមរម្យ ដែលសម្រាប់ប្រទេសកម្ពុជា តម្លៃអ៊ីនធឺណិត ស្ថិតក្នុងប្រទេសដែលមានតម្លៃអ៊ីនធឺណិតធូរថ្លៃជាងគេនៅលើពិភពលោក។ ស្របពេលជាមួយគ្នា ការពង្រឹងសន្តិសុខព័ត៌មានវិទ្យា ក៏ជាសរសរស្តម្ភមួយដែលទ្រទ្រង់ដល់សេដ្ឋកិច្ចសង្គមឌីជីថល»

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានជម្រាបជូន លោកស្រី Boutheina Guermazi អំពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងវិស័យអាទិភាព ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននឹងកំពុងធ្វើការ ដើម្បីត្រៀមខ្លួនគាំទ្រដល់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក្នុងនោះ ការកសាងបទដ្ឋានគតិយុត្ត ការតភ្ជាប់ឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស សន្តិសុខព័ត៌មាន ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ដើម្បីទ្រទ្រង់ដល់ឡូជីស្ទិក (Logistic)។

លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងបានកំពុងខិតខំបង្កើនការគ្របដណ្តប់ នៃបណ្តាញអ៊ីនធឺណិត និងបណ្តុះបណ្តាលផ្នែកឌីជីថលនៅតាមជនបទ តាមរយៈមូលនិធិកាតព្វកិច្ច សេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ.-USO Fund) និងមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.-CBRD Fund) ក៏ដូចជាគម្រោងភូមិឌីជីថល ដើម្បីធានានូវបរិយាប័ន្ននៃការទទួលនូវសេវានេះ ព្រមទាំងបានយកចិត្តទុកដាក់ លើសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធនេះ ពិសេសការការពារដល់កុមារលើការប្រើប្រាស់អនឡាញផងដែរ។

ដើម្បីឆ្លើយតបនឹងការរីកដុះដាល នៃវិស័យពាណិជ្ជកម្មអេឡិកត្រូនិក ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ក៏ត្រូវបានយកចិត្តទុកដាក់ ក្នុងការពង្រីកសេវាកម្មនេះកាន់តែសំបូរបែប ដើម្បីសម្រួលដល់សេវាឡូជីស្ទិក (Logistic) និងការពង្រីកសេវាកម្មប្រៃសណីយ៍ ទៅលើផ្នែកផ្សេងៗទៀត ដូចជាផ្នែកធានារ៉ាប់រង និងហិរញ្ញវត្ថុផងដែរ។

លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បានស្នើសុំដល់ធនាគារពិភពលោក លើការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតក្របខណ្ឌ នៃការអភិបាលកិច្ចទិន្នន័យឌីជីថលផងដែរ។

លោកស្រី Boutheina Guermazi នាយកនៃនាយកដ្ឋានការអភិវឌ្ឍផ្នែកឌីជីថល នៃធនាគារពិភពលោក បានវាយតម្លៃខ្ពស់ចំពោះការងារដែលក្រសួងបាន និងកំពុងធ្វើ ហើយបានសន្យាថា នឹងយកចំណុចទាំងនេះទៅពិនិត្យ ពិចារណាជាមួយធាតុចូល ដែលទទួលបានពីក្រសួងផ្សេងទៀត ដើម្បីរៀបចំវិស័យអាទិភាពដែលធនាគារពិភពលោក នឹងសហការជាមួយកម្ពុជា ក្នុងអភិក្រមនៃវិស័យទាំងមូល ប្រទាក់ក្រឡាគ្នា និងមាននូវបរិយាប័ន្ន៕