(សិង្ហបុរី)៖ ក្រុមហ៊ុន TADA ជាក្រុមហ៊ុនផ្តល់សេវាកម្មកក់ការធ្វើដំណើរ ដែលមិនកាត់កម្រៃជើងសារ ដោយផ្អែកលើបច្ចេកវិទ្យា Blockchain ដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍ ទទួលបានប្រាក់វិនិយោគទុន ៥លានដុល្លារអាមេរិក ពីក្រុមហ៊ុនបណ្តាក់ទុនឈានមុខគេ របស់ប្រទេសកូរ៉េខាងត្បូង មានឈ្មោះថា SV Investment។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តធំជាងគេ២ របស់ប្រទេសកូរ៉េខាងត្បូង គឺក្រុមហ៊ុន Central and SIMWON Inc ក៏បានចូលរួមក្នុងការវិនិយោគនេះផងដែរ។ ការផ្តល់ហិរញ្ញប្បទាននេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីបន្តពង្រីកនៅក្នុងទីផ្សារបច្ចុប្បន្ន និងការអភិវឌ្ឍលើប្រព័ន្ធអេកូចល័ត ដែលបានបង្កើតទ្បើង លើបច្ចេកវិទ្យា Blockchain របស់ក្រុមហ៊ុន MVLLABS Pte. Ltd (MVL)។

លោក Kay Woo នាយកប្រតិបត្តិរបស់ MVL បានថ្លែងថា «ការវិនិយោគនេះ គឺជាសក្ខីភាពនៃចក្ខុវិស័យរបស់យើង ក្នុងការកសាងប្រព័ន្ធអេកូចល័ត ប្រកបដោយនិរន្តរភាព និងភាពប្រសើរជាងមុន។ ក្រុមការងាររបស់យើង ប្តេជ្ញាចិត្តក្នុងការនាំមកនូវផលិតផល និងសេវាកម្មដែលមានភាពច្នៃប្រឌិតរបស់បច្ចេកវិទ្យា Blockchain ដែលអាចផ្លាស់ប្តូរជាវិជ្ជមានដល់សង្គម, បរិស្ថាន និងសេដ្ឋកិច្ចនៅក្នុងសហគមន៍ ដែលយើងធ្វើប្រតិបត្តិការ។

នាយកប្រតិបត្តិរបស់ MVL រូបនេះបានបន្ដថា ក្រុមហ៊ុនសង្ឃឹមថា នឹងប្រកាសផលិតផលថ្មី និងដំបូងគេបង្អស់ជាច្រើនទៀត នៅក្នុងតំបន់ប៉ុន្មានខែខាងមុខនេះ។

បើតាមប្រសាសន៍របស់អ្នកនាំពាក្យរបស់ក្រុមហ៊ុន SV Investment «MVL អាចកំណត់នូវបញ្ហានានា នៅក្នុងទីផ្សារប្រព័ន្ធអេកូចល័ត ដើម្បីទាក់ទាញអ្នកប្រើប្រាស់ជាច្រើន ខុសពីកម្មវិធីកក់ ការធ្វើដំណើរផ្សេងៗ ដែលកំពុង ដំណើរការនៅតំបន់អាស៊ីអាគ្នេយ៍។ ពួកគេអាចរកវិធីសាស្រ្តថ្មី ដើម្បីកសាងទំនាក់ទំនងកាន់តែរឹងមាំរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ ក៏ដូចជា Hardware និង Software នៅអំទ្បុងពេលអភិវឌ្ឍន៍ប្រព័ន្ធអេកូចល័ត។

គូសបញ្ជាក់ថា TADA បានបង្ហាញវត្តមានដំបូងនៅប្រទេស សិង្ហបុរី កាលពីខែមករា ឆ្នាំ២០១៩ ហើយបន្តពង្រីកទីផ្សារទៅប្រទេសចំនួន២ទៀត គឺប្រទេសវៀតណាម និងប្រទេសកម្ពុជា។ បើទោះជាការបង្ហាញវត្តមាន ក្នុងរយៈពេលខ្លី នៅក្នុងទីផ្សារមែនតែ TADA បានចុះឈ្មោះអ្នកបើកបរបាន៥ម៉ឺននាក់រួចទៅហើយ នៅទូទាំង៣ប្រទេស។ TADA នឹងបន្តវិសាលភាពរបស់ខ្លួន យ៉ាងពេញទំហឹងនៅអាស៊ី ក្នុងប៉ុន្មានខែខាងមុខនេះ៕