(សៀមរាប)៖ អ្នកជំនាញការអន្តរជាតិនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានវាយតម្លៃថា ការអនុវត្តគម្រោងជួសជុលរចនាសម្ពន្ធស្រះទឹកខាងជើង នៃប្រាសាទអង្គរវត្ត គឺមានការស្រាវជ្រាវបានច្រើន ហើយត្រូវបានជួសជុលស្របតាមលក្ខណៈបច្ចេកទេស ប៉ុន្តែទៅថ្ងៃអនាគត ស្រះទឹកនេះត្រូវតែជួសជុលទាំងស្រុងឡើងវិញ។

ការជួសជុលឡើងវិញនេះ គឺដើម្បីទប់ស្កាត់ការខូចខាតនៃការហូរចូលអាចមន៍ដីមកកប់លើរចនាសម្ពន្ធស្រះ។

ការវាយតម្លៃបែបនេះ ធ្វើឡើងក្នុងពេលដែលក្រុមអ្នកជំនាញការអន្តរជាតិនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះតាមដានការអនុវត្តគម្រោងជួសជុលរចនាសម្ពន្ធស្រះទឹកខាងជើង នៃប្រាសាទអង្គរ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

ប្រធានគម្រោងជួសជុលនៃការដ្ឋានស្រះទឹកខាងជើង លោក ស្រ៊ុន តិច បានឱ្យដឹងថា វាគឺជាមោទនភាពណាស់សម្រាប់អ្នកជំនាញខ្មែរ ដែលបានអនុវត្តន៍ការជួសជុល ស្រាវជ្រាវ ពង្រឹងរចនាសម្ពន្ធសំណង់ស្រះទឹកបានល្អប្រសើរ ទៅតាមអនុសាសន៍របស់អ្នកជំនាញការអន្តរជាតិ រួមទាំងស្របតាមបច្ចេកទេសដើម្បីយល់ពីរចនាសម្ពន្ធស្រះ បញ្ចៀសការបាត់បង់តម្លៃស្រះបុរាណ និងរចនាសម្ពន្ធស្ថាបត្យកម្មស្រះថែមទៀតនោះ។

អ្នកជំនាញការអន្តរជាតិក៏បានសំណូមពរឱ្យអាជ្ញាធរជាតិអប្សរា ជំរុញការយកចិត្តទុកដាក់ស្រាវជ្រាវប្រវត្តិស្រះ រួមទាំងពង្រីកការដ្ឋានជួសជុល និងការបិទមិនឱ្យទេសចរចូល ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារស្រាវជ្រាវ និងជួសជុលបានងាយស្រួល។

លោក ស្រ៊ុន តិច ឱ្យដឹងទៀតថា គម្រោងជួសជុលស្រះខាងជើងរបស់អង្គរវត្ត ដែលបានចាប់ផ្ដើម អនុវត្តសាកល្បងលើប្រវែង ១៥ម៉ែត្រ និងចាប់ផ្តើមសិក្សា កំណាយស្រាវជ្រាវតាំង ពីខែមិនា ឆ្នាំ២០១៩ មកដល់ពេលនេះ បានបញ្ចប់ទាំងស្រុងហើយ ដោយក្នុងនោះមានទាំងការរៀបចំលម្អមាត់ស្រះដោយដាំស្មៅផង។

ស្រះខាងជើងនេះ កាលពីបុរាណគឺមាននាទីសំខាន់សម្រាប់បម្រើប្រយោជន៍ដល់ទេព រីឯបច្ចុប្បន្នគឺជាកន្លែងដែលមានទេសភាពស្អាត សម្រាប់ភ្ញៀវទេសចរផ្តិតយករូបកំពូលប្រាសាទអង្គរវត្តដែលចាំងឆ្លុះក្នុងផ្ទៃទឹក៕