(កំពត)៖ សិស្សជំនាន់ទី១ ដែលបានបញ្ចប់កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈឧស្សាហកម្មកម្រិតខ្ពស់ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចំនួន១២រូប បានទទួលសញ្ញាបត្រ ពីសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុនជីបម៉ុង អ៉ិនស៉ី ស៉ីមេន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ដែលរៀបចំពិធីប្រគល់សញ្ញាបត្រ នៅរោងចក្រផលិតស៉ីម៉ង់ត៍ របស់ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៉ី ស៉ីមេន ស្ថិតក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ពិធីនេះ ធ្វើឡើងក្រោមវត្តមាន ឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនជីបម៉ុង អ៉ិនស៉ី ស៉ីមេន, លោក មួង ផាស៉ី នាយករងនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងលោក អៃដែន លីណាំ នាយកប្រតិបត្តិ Under Group និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនជីបម៉ុង អ៉ិនស៉ី ព្រមទាំងមាតាបិតានិស្សិត និងថ្នាក់ដឹកនាំក្រុមហ៊ុនរួមទាំងបុគ្គលិកមួយចំនួន។

មន្រ្តីសម្របសម្រួលកម្មវិធីសិក្សា បានបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ (EVE) គឺជាកម្មវិធីផ្ដួចផ្ដើមក្រោមកិច្ចសហប្រតិបត្ដិការ រវាងក្រុមហ៊ុន ជីបម៉ុង អ៉ិនស៉ី ស៉ីមេន និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ចំពោះភាពជោគជ័យនៃការសិក្សា និងការទទួលបានសញ្ញាបត្ររបស់និស្សិតទាំង១២នាក់នេះ គឺជាសញ្ញាបត្របញ្ជាក់ការសិក្សាទទួលស្គាល់ ដោយក្រុមហ៊ុន ជីបម៉ុង អ៉ិនស៉ី ស៉ីមេន និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

លោក អៃដែន លីណាំ (Aidan Lynam) អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៉ី ក៏បានឲ្យដឹងពីគោលបំណងនៃការផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើង គឺដើម្បីរួមចំណែកបំពេញចន្លោះខ្វះខាតនៃធនធានមនុស្សជំនាញក្នុងវិស័យ EVE ដែលជាផ្នែកគន្លឹះនៃកម្មវិធី ក្នុងគោលដៅបណ្តុះបណ្តាលយុវជនចេញពីសហគមន៍ជុំវិញទីតាំងរោងចក្រ គឺចង់ឲ្យយុវជនមានសមត្ថភាពជំនាញអនុវត្តន៍ និងបទពិសោធន៍ក្នុងជីវិតពិត ផ្តល់ឱកាសការងារល្អហើយនៅជិតផ្ទះទៀតផង។ វាពិតជាមានសារៈសំខាន់ចំពោះក្រុមហ៊ុនជីបម៉ុង អ៉ិនស៉ី ស៉ីមេន ដើម្បីបង្កើតការងារសម្រាប់ប្រជាជននៅមូលដ្ឋាន និងធានាបង្កើតការងារកាន់តែច្រើនថែមទៀត។

លោក មួង ផាស៉ី នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏បានបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺវិទ្យាស្ថានសាធារណៈរដ្ឋបាល ក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលនាំមុខគេក្នុងការផ្ទេរនូវបច្ចេកវិទ្យាដ៏ទំនើប ក្នុងប្រទេសកម្ពុជាយើង។ បច្ចុប្បន្នវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មាន ៨មហាវិទ្យាល័យ និង១៨ដេប៉ាតឺម៉ង់ ដែលមានរោងជាង និងបន្ទប់ពិសោធន៍បំពាក់ដោយឧបករណ៍ដ៏ទំនើប និងសម្បូរបែប។
វាបានធ្វើសហប្រតិបត្តិការរវាងគ្នា និងគ្នាជាមួយក្រុមហ៊ុនជីបម៉ុង អ៉ិនស៉ី ស៉ីមេន ដែលជាក្រុមហ៊ុនធំលំដាប់ខ្នាតអន្តរជាតិ ដែលចុះកិច្ចព្រមព្រៀង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងការបង្កើតកម្មវិធីសិក្សាដែលមានលក្ខណៈពិសេស និងដំបូងគេនៅកម្ពុជា ដែលមានឈ្មោះថា EVE ក្នុងគោលបំណងបង្កើតឱកាសទទួលបានការងារនៅក្នុងបណ្ដាឧស្សាហកម្មទំនើប ក្នុងស្រុកដែលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងប្រទេសកម្ពុជានូវការផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ នៃការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗនៃសតវត្សទី២១ ជាពិសេសគឺសម័យកាលនៃបច្ចេកវិទ្យា IR 4.0។

លោក មួង ផាស៉ី ក៏បានចាត់ទុកការបង្កើតកម្មវិធីសិក្សាEVEនេះឡើង គឺជាទស្សនៈវែងឆ្ងាយ សម្រាប់កូនខ្មែរទទួលបានសមត្ថភាពជំនាញវិជ្ជាជីវៈច្បាស់លាស់ ឆ្លើយតបនឹងទីផ្សារការងារបច្ចុប្បន្ន និងផ្ដល់ឱកាសការងារដល់ពលរដ្ឋកម្ពុជាជាច្រើន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសុខដុមនីយកម្មសង្គម អប់រំ និងលទ្ធភាពបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគ្រួសារ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ គ្រប់ជ្រុងជ្រោយនៃការប្រកួតប្រជែង ទាក់ទាញវិនិយោគបន្ថែម បង្កើនការងារកាន់តែច្រើន និងបច្ចេកវិទ្យាបន្ថែមទៀតសម្រាប់ប្រទេសយើងទាំងថ្នាក់ជាតិ និងក្នុងតំបន់ ដែលមានការកើនឡើង របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក មួង ផាស៉ី ក៏បានផ្ដាំផ្ញើដល់ប្អូនៗដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រពេលនេះ ត្រូវប្រើប្រាស់ជំនាញបច្ចេកទេស ក្នុងទិសដៅត្រឹមត្រូវទទួលខុសត្រូវខ្ពស់ ក្នុងមនសិការវិជ្ជាជីវៈសម្រាប់ទ្រទ្រង់នូវការរស់នៅក្នុងសង្គមគ្រួសារ និងសង្គមការងារ នឹងត្រូវចាត់ទុកថាក្រុមហ៊ុន ជាគ្រួសាររបស់យើងជាផ្នែកសំខាន់មួយនៃជីវិតយើង និងផ្ទះទីពីររបស់យើង៕