(ភ្នំពេញ)៖ ទំនិញក្លែងក្លាយ និងខូចគុណភាពប្រមាណជាង១០០តោន ត្រូវបាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោកសន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា កន្លងមកកម្លាំងនាយកដ្ឋានរបស់លោក បានធ្វើការដុតបំផ្លាញចោលនូវវត្ថុចាប់យកក្លែងក្លាយ៣២លើកមកហើយ។ ដោយឡែក ទំនិញដែលដុតបំផ្លាញនៅថ្ងៃនេះ មាន១២មុខ រួមមាន៖ សំបកកញ្ចប់បារីគ្រប់ប្រភេទ, សំបកសុងបារីចម្រុះ, បារីចម្រុះម៉ាក, សសៃថ្នាំជក់, ឧបករណ៍សម្ភារបម្រើឲ្យការផលិតបារី, ផលិតផលគ្រឿងសំអាង, ឧបករណ៍សម្ភារបម្រើឲ្យការផលិតគ្រឿងសំអាង ផលិតផលធូប និងធូបមូសសរុបប្រមាណ ជាង១០០តោន។

កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស និងវត្ថុល្មើសច្បាប់ដែលបានចាប់យកមកដុតបំផ្លាញចោលនេះ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងមានការចូលរួមពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរ
មូលដ្ឋាន បានធ្វើឲ្យនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យ។

ទន្ទឹមនេះលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានសូមសំណូមពរដល់អង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត និងសំណូមពរប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងផលិតផលផ្សេងៗ ដែលខុសច្បាប់ដើម្បីចូលរួមទប់ស្កាត់ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក តេង សាវង្ស បានគូសបញ្ជាក់ថា គោលដៅដែលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការបង្ក្រាបនេះ គឺជាទីតាំងលួចលាក់ផលិត ដែលមិនមានអាជ្ញាប័ណ្ណ ឬទិដ្ឋាការពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងពីក្រសួងសុខាភិបាលនោះទេ ហើយផលិតផលដែលលួច លាក់ផលិតនោះគឺ៖ ជាផលិតផលដែលពុំមានការត្រួតពិនិត្យត្រឹមត្រូវ និងបានក្លែងបន្លំម៉ាក សញ្ញារបស់ក្រុមហ៊ុន ដែលមានសិទ្ធិស្របច្បាប់ទៀតផង។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ក៏បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះបណ្តាក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋ ដែលបានផ្តល់របាយការណ៍ ព័ត៌មាន អំពីទីតាំងអំពីមុខសញ្ញា គោលដៅផលិត និងគោលដៅដែលឈ្មួញបានលក់ចែកចាយ នូវផលិតផលខុសច្បាប់ ឲ្យដល់សមត្ថកិច្ចបង្កលក្ខណៈងាយស្រួលដល់កិច្ចប្រតិបត្តិការក្នុងការបង្ក្រាបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ហើយសង្ឃឹមថាសកម្មភាពនេះនឹង
បន្តដូចភ្លៀងរលឹម ដើម្បីឈានទៅលុបបំបាត់នូវអំពើល្មើសច្បាប់ដែលជាហានិភ័យប៉ះពាល់ដល់សុខភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ និងរួមចំណែកសកម្មភាពជាមួយបណ្តាប្រទេសក្នុងការជីកឬសរបស់ពួកឧក្រិដ្ឋជន ដើម្បីស្ថេរភាព និងសន្តិសុខសកល៕