(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលចាត់ទុកថា អង្គការសង្គមស៉ីវិល ដែលតស៊ូមតិផ្សេងជាក្រុមដែលមាននិន្នាការប្រឆាំងនោះទេ ពោលរាជរដ្ឋាភិបាលចាត់ទុកថា មតិផ្ទុយទាំងអស់នោះនាំឲ្យមានការដោះស្រាយបញ្ហាជាដើម។

ក្នុងពិធីបិទសិក្ខាសាលាជាតិ ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ នៃគណៈកម្មាធិការសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងជួររាជរដ្ឋាភិបាលតាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ នឹងនៅតែបន្ដលើកកម្ពស់ភាពជាដៃគូជាមួយអង្គការសង្គមស៉ីវិល។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ «ទាក់ទងនឹងបញ្ហាភាពជាដៃគូជាមួយសង្គមស៉ីវិលនេះ យើងខ្ញុំនឹងបន្ដហើយលើកទឹកចិត្តដើម្បីទាំងសង្ខាង ទាំងជួររដ្ឋាភិបាលតាំងពីលើរហូតដល់ក្រោម គឺលើកកម្ពស់ភាពជាដៃគូជាមួយអង្គការសង្គមស៉ីវិល [...] យើងខ្ញុំមិនចាត់ទុកថា អង្គការសង្គមស៉ីវិល ដែលធ្វើការតស៊ូមតិនោះ គឺជាអ្នកប្រឆាំងទេ ប៉ុន្ដែជាមតិជំទាស់ មតិផ្ទុយ ដែលនេះវាមានប្រយោជន៍នាំឲ្យយើងយល់បញ្ហា»

ជាមួយគ្នានេះ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏អំពាវនាវដល់អង្គការសង្គមស៉ីវិល បន្ដលើកម្ពស់ភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដើម្បីសហការគ្នាធ្វើការងារជាផលប្រយោជន៍រួម ក្នុងន័យសម្ដៅឲ្យប្រទេសជាតិកាន់តែមានការរីកចម្រើនទៅមុខបន្ដទៀត។

គួរជម្រាបថា បើតាមតួលេខត្រឹមខែសីហា ឆ្នាំ២០១៩ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប៥,៤៨៣ ក្នុងនោះសមាគមចំនួន ២,២០៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣,២៨០។

បន្ទាប់ពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានប្រកាសឲ្យប្រើមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានសុំចុះបញ្ជី នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួនសរុប៨៣៨ ក្នុងនោះសមាគមចំនួន៤០៦ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៤៣២។ ទន្ទឹមនេះ ក៏មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨១ ត្រូវបានលុបឈ្មោះចេញពីបញ្ជីនៅក្រសួងមហាផ្ទៃ តាមសំណើរបស់សាមីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ទោះបីជាមានការលុបចេញពីបញ្ជីនៅក្រសួងមហាផ្ទៃយ៉ាងនេះក្តី ក៏ចំនួននៃការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថ្មីប្រចាំខែ មិនមានការថយចុះដូចការព្រួយបារម្ភរបស់មជ្ឈដ្ឋានមួយចំនួន ដែលជាញឹកញាប់តែងតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ នោះឡើយ។

ក្នុងចំណោម សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៥,៤៨៣ នៅក្នុងឆ្នាំ២០១៨ មានតែសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១,៦៣៤ ប៉ុណ្ណោះដែលបានបំពេញកាតព្វកិច្ចតាមច្បាប់កំណត់៕