(ភ្នំពេញ៖) ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមទទួលខុសត្រូវថែរក្សាបរិស្ថាន ដោយបានតម្លើងប្រព័ន្ធបន្សុទ្ធផ្សែងចេញ ពីឡចំហេះយកមកប្រើប្របាស់ក្នុងសង្វាក់ផលិតកម្មស្រាបៀរ និងភេសជ្ជៈ ក្នុងគោលបំណងសម្អាតផ្សែងមិនល្អដូចជា ឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត កាបូនឌីអ៊ុកស៊ីតជាដើម ដើម្បីជៀសវៀង ឬកាត់បន្ថយ ការបំភាយឧស្ម័នបំពុលចូលក្នុងបរិយាកាស។

ប្រព័ន្ធដែលតម្លើងដោយក្រុមហ៊ុនអាល្លឺម៉ង់នេះ មានតួនាទីត្រួតពិនិត្យថា ផ្សែងដែលហុយទៅលើអាកាសស្ថិតនៅក្រោមស្តង់ដា កំណត់ដោយក្រសួងបរិស្ថាន។ ការពិនិត្យគុណភាពខ្យល់បង្ហុយចេញនេះ ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់ក្នុងរយៈពេល២ខែម្តង ដោយបុគ្គលិកក្រុមហ៊ុនផ្ទាល់ និងរាល់មួយឆ្នាំម្តង ដោយមន្ត្រីរបស់ក្រសួងបរិស្ថាន។

ផ្សែងដែលផលិតមកពីចំហេះរបស់ឡ ដំបូងចំហាយត្រូវបានសម្អាតដោយប្រព័ន្ធសម្អាតផ្សែង បន្ទាប់មកត្រូវបានកែតម្រូវ pH ឲ្យស្មើកំរិត៧សិន ដើម្បីដកយកឧស្ម័នមិនល្អចេញមុននឹងបង្ហុយចោលទៅក្នុងបរិយាកាស។ ចំណែកសំណល់ទឹកដែលបានយក ទៅលាងឧស្ម័នមិនល្អចេញនេះ ត្រូវបានឆ្លងកាត់ប្រព័ន្ធសម្អាតទឹកកង្វក់ឲ្យបានស្អាតទៅតាមស្តង់ដារបស់ក្រសួងបរិស្ថាន៕