(ភ្នំពេញ)៖ មហាជនក្នុងបណ្តាញសង្គមសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយលោកយាយម្នាក់បានបញ្ចប់ការសិក្សា ក្នុងជន្មាយុ ៧១ឆ្នាំ ខណៈជាទូទៅគេធ្លាប់តែឃើញយុវជន ក្នុងវ័យខ្ទង់ម្ភៃឆ្នាំជាងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាដើមនោះ។

ពិតណាស់ ការរៀនសូត្រមិនប្រកាន់ពីអាយុឡើយ។ មនុស្សម្នាក់ៗរមែងចង់បានចំណេះដឹងជ្រៅជ្រេះ ដើម្បីជាស្ពាន ឆ្ពោះទៅរកជីវភាពមួយល្អប្រសើរ និងដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិជាដើម។ ទន្ទឹមគ្នានេះ មកងាកមកលោកយាយដែលមានជន្មាយុ ៧១ឆ្នាំវិញ បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៌យ៉ាងខ្លាំង ដោយលោកយាយបានតស៊ូរហូតសម្រេចបាន ថ្នាក់បរិញ្ញាបត្រ ដោយមិនគិតពីវ័យឡើយ។

បើយោងតាមផេក អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា បានបង្ហោះវីដេអូលោកយាយផ្តល់បទសម្ភាសន៍ជាមួយនឹងសារថា «លោកយាយ មានជន្មាយុ ៧១ ឆ្នាំ តស៊ូសិក្សារហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ។ ពិធីប្រគេន និងប្រគល់សញ្ញាបត្ររបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅវិទ្យាស្ថានអប់រំជាតិ ភ្នំពេញ ។
សូមចូលរួមត្រេកអរជាមួយលោកយាយផង ! ០៥ ធ្នូ ២០១៩»

ក្រៅពីចូលរួមអបអរសាទរលោកយាយ មហាជនក្នុងបណ្តាញសង្គម បានជូនពរលោកយាយទទួលបាននូវសុខភាពល្អ និងសម្រេចនូវអ្វីដែលលោកយាយប៉ងប្រាថ្នាផងដែរ។ សូមទស្សនាវីដេអូខាងក្រោម៖