(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងភ្ញៀវទេសចរ អ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់ក្នុងខេត្ត ត្រូវប្រញាប់មកដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ដែលនៅជិតខ្លួនជាបន្ទាន់រាល់ករណីលួច ឆក់ ប្លន់ គាស់ផ្ទះ ឬករណីល្មើសណា ដែលបង្កភាពអសន្តិសុខ ដល់សេចក្តីសុខរស់នៅរបស់ពួកគាត់ទាំងអស់គ្នា ដែលទាំងនេះជាកិច្ចជួយសហការដល់សមត្ថកិច្ចក្នុងការកំណត់មុខសញ្ញាដើម្បី បង្ការ និងបង្រ្កាបទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ស្នងទោ ជួន ណារិន្ទ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំមួយស្តីពីរការឹតបណ្តឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបូកសរុបរបាយការណ៍៣ខែ កន្លងមក និងលើកទិសដៅបន្ត។

ក្រោយពីលោកវរសេនីយ៍ អធិការ ទាំង៤ក្រុង-ស្រុកឡើងធ្វើរបាយការណ៍ ៣ខែកន្លងមកស្តីអំពី ស្ថានភាពជាក់ស្តែង បទល្មើសផ្សេងៗ និងចំណាត់ការរបស់អធិការដ្ឋាននិមួយៗ ជូនលោកឧត្តមសេនីយ៍ស្នងការរួចមក លោកឧត្តមសេនីយ៍ទោ ក៏បានកោតសរសើរកិច្ចខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចក្រោមឱវាទផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការ បានចង្អុលបង្ហាញថា «យើងត្រូវតែបំពេញឲ្យបានជាដាច់ខាតរាល់ចន្លោះប្រហោងណាមួយក្នុងភូមិសាស្ត្រ ដែលសមត្ថកិច្ចយើងមានដោយប្រការអចេតនា ហើយត្រូវប្រើប្រាស់កម្លាំងជំនាញឲ្យអស់លទ្ធភាព ដើម្បីទប់ស្កាត់ កាត់បន្ថយ ដាក់វិធានការបង្រ្កាប ដោយផ្អែកលើជំនាញសមត្ថកិច្ចប្រកបដោយវិជ្ជាជីវៈ ហើយអ្វីដែលរំខានដល់សេចក្តីសុខរបស់ ប្រជាពលរដ្ឋយើងដាច់ខាតត្រូវតែបង្ក្រាប»

លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ថា ការប្រមូលផ្តុំកម្លាំងអន្តរាគមន៍ទាំងអស់ ១០០ភាគរយ ត្រូវតែមានជានិច្ច ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីទប់ស្កាត់បង្រ្កាបឲ្យទាន់ពេលវេលា ហើយបានចង្អុលបង្ហាញបន្ថែមឲ្យអធិការទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមរាល់ករណីដែលកើតមាន ត្រូវចុះត្រួតពិនិត្យឲ្យបានច្បាស់លាស់ វាយតម្លៃសភាពការណ៍ឲ្យបានហ្មត់ចត់ ហើយធ្វើរបាយការណ៍បន្តមកស្នងការដ្ឋានតាមជំនាញ និងឋានានុក្រមដើម្បីមានចំណាត់ការ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានជំរុញបន្ថែមឲ្យកម្លាំងជំនាញទាំងអស់ ចុះធ្វើសកម្មភាពផ្សព្វផ្សាយអប់រំ ធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋសន្តិសុខឯកជន និងប្រជាការពារដើម្បីឲ្យបងប្អូនទាំងនោះចូលរួម បង្កើនកិច្ចសហការល្អជាមួយសមត្ថកិច្ចជំនាញ ដើម្បីជាភាពងាយស្រួលដល់ការបង្ការ ទប់ស្កាត់ ការពារ និងបង្រ្កាបបទល្មើសផ្សេងៗ ទាន់ពេលវេលា៕