(ភ្នំពេញ)៖ កម្ពុជាអាចប្រមូលបានផ្លែស្វាយប្រមាណជា៤លានតោន ក្នុងមួយឆ្នាំលើផ្ទៃដាំដុះប្រមាណជា ១០ម៉ឺនហិកតា។ តែកម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ និងស្វាយកែច្នៃរួចបានត្រឹមជាង ១៥ម៉ឺនតោនប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលជាចំនួននាំចេញដ៏តិចតួចបើធៀបនឹងផ្លែស្វាយប្រមូលផលក្នុងមួយឆ្នាំៗ។

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងរកទីផ្សារនៅក្រៅប្រទេសឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីនាំចេញផ្លែស្វាយ។ បើតាមលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានអះអាងថា បច្ចុប្បន្នមានប្រទេសថៃ វៀតណាម ហុងកុង បារាំង និងរុស្ស៉ីជាដើមជាទីផ្សារផ្លែស្វាយស្រស់របស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកការចរចាជាមួយរដ្ឋាភិបាលចិន និងរដ្ឋាភិបាលកូរ៉េខាងត្បូងផងដែរ ដើម្បីពង្រីកការនាំចេញផ្លែស្វាយស្រស់ឱ្យបានកាន់តែច្រើនថែមទៀត។

នៅក្នុងសន្និសីទព័ត៌មានរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ងិន ឆាយ បានអះអាងថា ប្រទេសចិន ដែលជាទីផ្សារដ៏ធំមួយសម្រាប់ផ្លែស្វាយរបស់កម្ពុជា បានបើកភ្លើងខៀវឱ្យនាំចូលហើយ បន្ទាប់ពីបានចុះមកពិនិត្យដោយផ្ទាល់ដល់ចំការស្វាយ កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។

លោក ងិន ឆាយ បានបញ្ជាក់យ៉ាងដូច្នេះ «[...] ថ្មីៗកន្លងទៅនេះ ២៣, ២៤, ២៥ ខែវិច្ឆិកា មន្ត្រីភូតគាមអនាម័យ និងមន្ត្រីអគ្គរដ្ឋបាលគយរបស់សាធារណរដ្ឋប្រជាមានិតចិន បានចុះមកវាយតម្លៃកសិដ្ឋានស្វាយនៅប្រទេសកម្ពុជា ដែលគេបានជ្រើសរើស៥ខេត្តសម្រាប់ធ្វើការវាយតម្លៃ។ ក្រោយពីការវាយតម្លៃ ជាមោទនភាពមួយមន្ត្រីជំនាញទាំងពីររូបហ្នឹង បានធ្វើការសន្និដ្ឋានថា កសិដ្ឋានស្វាយដែលដាំដុះនៅកម្ពុជា មានលក្ខណៈល្អប្រសើរ ស្របទៅតាមស្តង់ដារ ដែលអាចនាំទៅប្រទេសចិនបាន»

បើទោះបីជាយ៉ាងណា មន្ត្រីរបស់ចិន ក៏បានកត់សម្គាល់ថា នៅមានបញ្ហាមួយចំនួនសម្រាប់ផ្លែស្វាយកម្ពុជា ដូចជាអនាម័យនៅក្នុងចំការស្វាយមិនទាន់ស្អាត, មិនទាន់មានយន្តការត្រួតពិនិត្យសមាសភាពចង្រៃ ជាពិសេសសត្វចង្រៃទៅតាមរដូវកាលឱ្យបានច្បាស់លាស់ ហើយការប្រើប្រាស់ថ្នាំកសិកម្មមួយចំនួនក៏មិនទាន់ត្រឹមត្រូវទៅតាមនីតិវិធីកំណត់។

ដើម្បីដោះស្រាយបញ្ហាដែលសេសសល់នេះ គឺទាមទារឱ្យបង្កើតរោងចក្រ ឬទីតាំងសម្រាប់វេចខ្ចប់ឱ្យបានត្រឹមត្រូវ និងសម្លាប់មេរោគ ជាពិសេសសម្លាប់ពពួកដង្កូវរុយ។ ប្រសិនបើមិនបានបង្កើតរោងចក្រ ឬមួយកន្លែងសម្លាប់ហ្នឹងទេ មិនអាចនាំផ្លែស្វាយស្រស់ទៅប្រទេសចិនបាននោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។

ពាក់ព័ន្ធនឹងរោងចក្រសម្លាប់មេរោគលើផ្លែស្វាយដើម្បីមានលទ្ធភាពនាំផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ជាបញ្ហាប្រឈមធំមួយនាពេលបច្ចុប្បន្ននេះ ព្រោះកម្ពុជាទើបមានរោងចក្រសម្លាប់មេរោគតែមួយប៉ុណ្ណោះ គឺក្រុមហ៊ុនហ៉ីយ៉ាន់ដាយ មានទីតាំងនៅខេត្តកំពង់ស្ពឺ។ រោងចក្រនេះទើបសាងសង់រួចរាល់នៅឆ្នាំ២០១៩ ហើយមានសមត្ថភាពសម្លាប់មេរោគនៅលើផ្លែស្វាយបានចន្លោះពី២៥ ទៅ៣០តោនប៉ុណ្ណោះក្នុងមួយថ្ងៃ។

លោកអគ្គនាយកកសិកម្មបានបញ្ជាក់ដូច្នេះ «សព្វថ្ងៃនេះបើយើងនិយាយពីការវិនិយោគទៅលើការសាងសង់កន្លែងសម្លាប់មេរោគនេះ គឺទើបមានតែមួយគត់ គឺមានក្រុមហ៊ុនហ៉ីយ៉ាន់ដាយ ដែលគាត់ទើបបានសាងសង់ចប់នៅឆ្នាំ២០១៩នេះ។ ប៉ុន្តែសមត្ថភាពក្នុងការសម្លាប់មេរោគ ដើម្បីធ្វើការនាំចេញនេះនៅមានកម្រិតទាបណាស់ ក្នុងមួយថ្ងៃបានប្រមាណ ២៥ ទៅ៣០តោនតែប៉ុណ្ណោះទេ។ បើយើងត្រូវការនាំចេញមួយថ្ងៃយ៉ាងតិចក្នុងរដូវប្រមូលផលគឺប្រមាណ ៣ពាន់ ទៅ៤ពាន់តោនក្នុងមួយថ្ងៃ។ អ៊ីចឹងឃើញថា សមត្ថភាពក្នុងការសម្លាប់មេរោគរបស់យើងនៅចោទជាបញ្ហាធំនៅឡើយ។ នេះជាបញ្ហាសំខាន់ដែលយើងត្រូវការសហការទាំងអស់គ្នា ជាពិសេសខាងវិស័យឯកជនផងដែរ»

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា រដ្ឋាភិបាលចិនបើកចំហទីផ្សារសម្រាប់ផ្លែស្វាយកម្ពុជា ដែលអាចនាំចូលប្រមាណ៥០ម៉ឺនតោនក្នុងមួយឆ្នាំ។ ក្រៅពីប្រទេសចិន នៅពេលថ្មីៗនេះប្រទេសកូរ៉េខាងត្បូង ក៏បានបើកភ្លើងខៀវសម្រាប់ផ្លែស្វាយរបស់កម្ពុជាផងដែរ។

បើទោះបីជាទីផ្សារនៅប្រទេសចិន និងកូរ៉េខាងត្បូង បើកភ្លើងខៀវសម្រាប់ផ្លែស្វាយស្រស់របស់កម្ពុជាយ៉ាងណាក្តី តែមានការមើលឃើញថា បើកម្ពុជាមិនអាចបង្កើតរោងចក្រសម្លាប់មេរោគលើផ្លែស្វាយ រោងចក្រវេចខ្ចប់ឱ្យបានច្រើនទេនោះ កម្ពុជានៅតែរាំងស្ទះក្នុងការនាំចេញផ្លែស្វាយ ហើយផ្លែស្វាយនៅតែគរចោលពេលដល់រដូវប្រមូលផ្លែស្វាយម្តងៗ។

លោក ងិន ឆាយ មិនបានដឹងពីទំហំទឹកប្រាក់សម្រាប់ការវិនិយោគលើរោងចក្រសម្លាប់មេរោគផ្លែស្វាយនោះទេ តែលោកបានដឹងថា សម្ភារៈ និងឧបករណ៍សម្រាប់ដំឡើងត្រូវចំណាយក្នុងរង្វង់ប្រមាណ៥០ម៉ឺនដុល្លារអាមេរិក។ ក្រៅពីនោះក្រសួងកសិកម្ម បានបើកការចរចាជាមួយក្រុមហ៊ុនជាច្រើនរបស់ចិន ដើម្បីចូលមកវិនិយោគបង្កើតរោងចក្រសម្លាប់មេរោគលើផ្លែស្វាយសម្រាប់នាំចេញ។

ឆ្លើយនឹងសំណួរថា តើរាជរដ្ឋាភិបាលគ្រោងនឹងបើកការវិនិយោគពិសេសណាមួយសម្រាប់បង្កើតរោងចក្រសម្លាប់មេរោគលើផ្លែស្វាយនេះដែរឬទេ ដើម្បីកុំឱ្យបាត់ឱកាសក្នុងការនាំចេញផ្លែស្វាយទៅក្រៅប្រទេសនោះ? លោក ងិន ឆាយ បានអះអាងថា កន្លងមកមានតែការធ្វើជាមួយដៃគូអភិវឌ្ឍន៍ក្នុងទ្រង់ទ្រាយតូច មិនទាន់មានការវិនិយោគពិសេសណាមួយពីរាជរដ្ឋាភិបាលនោះទេ។

«ក្រសួងកសិកម្មកំពុងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជារាជរដ្ឋាភិបាលតាមគម្រោងអភិវឌ្ឍន៍ដូចជាគម្រោង World Bank គម្រោង ADB ជាដើម។ល។ គឺយើងតម្រង់ទិសទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនេះឯង។ អ៊ីចឹងយើងមានការពិភាក្សាហើយ ប៉ុន្តែការវិនិយោគហ្នឹងដូចខ្ញុំលើកឡើងខាងដើមនៅក្នុងកម្រិតសហគមន៍ ក្នុងកម្រិតមួយតូច មិនមែនជាកម្រិតពាណិជ្ជកម្មធំៗទេ»។ លោក ងិន ឆាយ បញ្ជាក់។

ដោយឡែក លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការវិនិយោគនេះ គឺរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ទៅលើវិស័យឯកជន តែរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏មិនព្រងើយកន្តើយនោះឡើយ នឹងប្រឹងប្រែងរកយន្តការដោះស្រាយលើបញ្ហានេះ។

លោក ផៃ ស៉ីផាន បានបញ្ជាក់ដូច្នេះ «ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ លោកមិននៅស្ងៀមទេ ពីព្រោះលោកជាកូនកសិករមួយ លោកយល់ចិត្តណាស់ពីរឿងកសិករត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យបានជោគជ័យរួមរបស់យើងនេះឯង»

លោក ងិន ឆាយ ក៏បានអំពាវនាវដល់វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ចូលរួមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងសម្លាប់មេរោគលើផ្លៃស្វាយ ដើម្បីឱ្យកម្ពុជា សម្រេចបានគោលដៅនាំចេញផ្លែស្វាយស្រស់ក្នុងបរិមាណយ៉ាងតិចចន្លោះពី ៥០-៦០ម៉ឺនតោននៅឆ្នាំ២០២៣៕