(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងសិក្សាពិសេសមួយ ដើម្បីកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ។ ដើម្បីកាត់បន្ថយការកកស្ទះនេះ ផ្លូវមួយចំនួននឹងត្រូវដាក់ឱ្យធ្វើដំណើរឯកទិស ខណៈផ្លូវខ្លះទៀតហាមមិនឱ្យរថយន្តចត និងផ្លូវខ្លះទៀតប្រើសម្រាប់តែរថយន្តក្រុងប៉ុណ្ណោះ។ ក្រៅពីនោះ ក៏នឹងសិក្សាបង្កើតគន្លងផ្លូវពិសេសសម្រាប់រថយន្តក្រុងសាធារណៈផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គូសបញ្ជាក់ដូច្នេះ ក្នុងវេទិកាវេទិកាសំណេះសំណាលស្តីពីចល័តភាពក្នុងទីប្រជុំជន ដែលបានរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ដើម្បីជាការចូលរួមកាត់បន្ថយភាពកកស្ទះចរាចរណ៍ក្នុងរាជធារីភ្នំពេញ JICA បានជួយបំពាក់ភ្លើងស្តុបឆ្លាតវៃ ជាច្រើនរួចមកហើយ។ ដោយភ្លើងស្តុបនេះ វាអាចដឹងខ្លួនវាថា បើមានការកកស្ទះខ្លាំងនៅកន្លែងណា វាអាចជួយពន្យារពេលបន្ថែមដោយខ្លួនឯង។

ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នេះដែរ សាលារាជធានីភ្នំពេញ ក៏បានបង្កើនរថយន្តក្រុងរហូតដល់ ២៣៥គ្រឿង ដែលមានមនុស្សជិះបាន ១៥,០០០នាក់ក្នុងមួយថ្ងៃ។ មានខ្សែរថយន្តក្រុងរត់ឡើងដល់ ១៣ខ្សែ ដើម្បីជាការផ្តល់ភាពកាន់តែងាយស្រួល ឱ្យប្រជាពលរដ្ឋបានប្រើប្រាស់សេវារថយន្តក្រុងនេះ បានកាន់តែច្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចររាចរណ៍ផ្លូវគោក បានសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីសិក្សាការកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍ក្នុងរាជធានីភ្នំពេញ ដោយក្រុមការងារ បានសិក្សាខ្លះរួចហើយ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះ «ក្រុមការងារបានសិក្សាថា ផ្លូវខ្លះនឹងឱ្យទៅតែមួយទិសទេ ភ្លើងស្តុបមួយចំនួនដែលកកស្ទះខ្លាំងនឹងត្រូវដោះស្រាយ ផ្លូវខ្លះនឹងមិនឱ្យចតឡាននោះទេ និងសិក្សាបន្ថែមទៀតចំពោះផ្លូវមួយណា ដែលត្រូវឱ្យដាក់ជាពិសេសសម្រាប់រថយន្តក្រុងសារធារណៈ។ ជាមួយគ្នានោះគណៈកម្មាធិការជាតិសុវត្ថិភាពចររាចរណ៍ផ្លូវគោក និងសាលារាជធានីភ្នំពេញ ក៏កំពុងតែសិក្សាបង្កើតគន្លងពិសេសសម្រាប់រថយន្តក្រុងសារធារណដែលជិះរួមគ្នា ហើយរថយន្តដែលជិះផ្ទាល់ខ្លួន និងឱ្យទៅគន្លងផ្សេងផងដែរ»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរនៅតាមដងផ្លូវ ត្រូវចូលរួមគោរពច្បាប់ចររាចរណ៍ឱ្យបានទាំងអស់ ឈប់ឱ្យបាន ត្រឹមត្រូវតាមគន្លងរបស់ខ្លួន។ បើកបរត្រូវបានការប្រុងប្រយ័ត្នកុំវ៉ាជែងក្នុងផ្លូវចង្អៀត និងកុំបំពានភ្លើងសញ្ញាចររាចរណ៍ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង អ្នកដទៃ និងបង្ហរឱ្យមានបញ្ហាកកស្ទះចររារណ៍ផងដែរ៕