(ភ្នំពេញ)៖ ផ្នែកការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា «ណាហ្គាវើលដ៍បេះដូងសប្បុរស» ដែលមានការចូលរួម និងការឧបត្ថម្ភយូរអង្វែង ដើម្បីជួយកសាងប្រទេសកម្ពុជា នាពេលថ្មីៗនេះ ត្រូវបានទទួលស្គាល់ស្នាដៃ និងទទួលបានពានរង្វាន់អន្តរជាតិចំនួន២។

ពានរង្វាន់អន្តរជាតិ ចំនួន២នោះ គឺជាពានរង្វាន់ Stevie® Awards ដ៏ល្បីល្បាញ ដែលពិធីប្រគល់ពានរង្វាន់ធុរកិច្ចអន្តរជាតិ ប្រចាំឆ្នាំលើកទី១៦ ត្រូវបានធ្វើឡើងក្នុងទីក្រុងវីណា ប្រទេសអូទ្រីស។

ពានរង្វាន់អន្តរជាតិនេះ ត្រូវបានចាត់ទុក ជាពានរង្វាន់លំដាប់ពិភពលោក ដែលមានតម្លៃស្មើនឹងពានរង្វាន់ Oscars ឬ Emmys ក្នុងវិស័យធុរកិច្ច និងសង្គម។ ពានរង្វាន់ទាំង២នេះ ត្រូវបានប្រគល់ជូនក្រុមហ៊ុន ដែលមានការងារទំនួលខុសត្រូវ សង្គមឆ្នើមប្រចាំឆ្នាំប្រចាំទ្វីបអាស៊ី ប្រទេសអូស្ត្រាលី និងប្រទេសណូវ៉ែលហ្សេឡង់។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានថ្លែងថា «ណាហ្គាវើលដ៍បេះដូងបេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងផ្តល់ត្រឡប់ទៅវិញដល់សហគមន៍ និងបរិស្ថានក្នុងប្រទេសកម្ពុជា។ យើងមានការប្តេជ្ញាចិត្តយូរអង្វែង ក្នុងការជួយកសាងប្រទេសកម្ពុជា»

ការឈ្នះពានរង្វាន់ Stevie® Awards នេះ គឺជាស្នាដៃ និងប្រវត្តិសាស្ត្រមួយទៀត របស់យើងបន្ទាប់ពីយើង បានឈ្នះពានរង្វាន់ការងារទំនួលខុសត្រូវសង្គមសកល «Global CSR Awards» ក្នុងប្រទេសម៉ាឡេស៊ី និងពានរង្វាន់សហគ្រាស ដែលមានទំនួលខុសត្រូវ សង្គមខ្ពស់ប្រចាំទ្វីបអាស៊ី «Asia Responsible Enterprise Awards (AREA)» នៅតៃវ៉ាន់។

លោក Pern Chen បានបន្ថែមថា «យើងជឿជាក់ថា បុគ្គលិករបស់យើងអាចធ្វើ ឲ្យមានការផ្លាស់ប្តូរដោយពួកគេ បានចំណាយពេលវេលារួមនឹងកម្លាំងកាយចិត្ត ដើម្បីធ្វើឲ្យសហគមន៍ ដែលយើងរស់នៅ មានភាពប្រសើរជាងមុន។ ទឹកចិត្តសប្បុរសរបស់ពួកគេ បានបង្ហាញពីការស្រឡាញ់ប្រទេសរបស់ពួកគេ»

ណាហ្គាវើលដ៍បេះដូងសប្បុរស បានឈ្នះពានរង្វាន់ Stevie® Award ប្រាក់ចំពោះ «កិច្ចជួយកសាងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនណាហ្គាវើលដ៍»។ កិច្ចប្រឹងប្រែងដើម្បីជួយលើក កម្ពស់វិស័យអប់រំការផ្សារភ្ជាប់ជាមួយ សហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថានរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើឲ្យមានការផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់នៅក្នុងសហគមន៍ទូទាំងប្រទេសកម្ពុជា។

ក្នុងពេលដំណាលគ្នានេះដែរ ណាហ្គាវើលដ៍ ក៏បានឈ្នះពានរង្វាន់ Stevie® Award សំរឹទ្ធិផងដែរ ចំពោះកិច្ចជួយអភិវឌ្ឍយុវជន និងកីឡានៅកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ ក្នុងខេត្តកំពង់ស្ពឺ។

គម្រោងរយៈពេល២ឆ្នាំនេះ មានគ្រូកីឡា១២០នាក់ មកពី៩៤សាលារៀនទូទាំងខេត្តកំពង់ស្ពឺ បានទទួលការបណ្តុះបណ្តាល ជំនាញបង្ហាត់កីឡាបាល់ទាត់អាជីព និងទទួលបានការឧបត្ថម្ភសម្ភារកីឡា ដើម្បីសិស្សានុសិស្សយកទៅហ្វឹកហាត់ នៅតាមសាលារៀនរបស់ពួកគេផងដែរ។

កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់នេះ បានផ្តល់ប្រយោជន៍ដល់សិស្សានុសិស្សជាង១៨,៥០០នាក់ ខណៈមានការរៀបចំការប្រកួតបាល់ទាត់ យ៉ាងទៀងទាត់ផងដែរ ដើម្បីបង្កើនជំនាញលេងបាល់ទាត់ និងស្វែងរកយុវជនឆ្នើម ដើម្បីចូលក្រុមជម្រើសជាតិកម្ពុជា។

សូមបញ្ជាក់ផងដែរថា អង្គភាពជាច្រើនមកពី៧៤ប្រទេស បានដាក់ពាក្យសុំប្រមាណ៤,០០០ច្បាប់ ដើម្បីទទួលបានពានរង្វាន់ធុរកិច្ចអន្តរជាតិសម្រាប់ឆ្នាំនេះ ខណៈមាននាយកប្រតិបត្តិ សហគ្រិន ក្រុមហ៊ុន និងសាស្ត្រាចារ្យធុរកិច្ចល្បីៗលំដាប់ពិភពលោកជាង ២៥០ នាក់ និងក្រុមហ៊ុនបានរួមគ្នាដាក់ពិន្ទុដើម្បីស្វែងរកអង្គភាពដែលបំពេញគ្រប់លក្ខខណ្ឌដើម្បីឈ្នះពានរង្វាន់ Stevie® Award។

កម្មវិធីការងារសង្គមដែលកំពុងបន្ត និងប្រកបដោយនិរន្តរភាពរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើឲ្យជីវិតរបស់កុមារ និងសមាជិកគ្រួសាររបស់ពួកគេប្រមាណ ២០៤.០០០ នាក់បានប្រសើរឡើងមកដល់បច្ចុប្បន្ន។

ការជួយកសាងប្រទេសជាតិ របស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានទទួលការកត់សម្គាល់យ៉ាងខ្លាំង ពីគណៈកម្មការ រួមមាន «យុទ្ធសាស្ត្រខ្លាំងលើវិស័យសំខាន់ៗ» «គម្រោងដែលមានលក្ខណៈពិសេស សម្រាប់សហគមន៍ទូទាំងប្រទេស» និង «ការស្ម័គ្រចិត្តរបស់បុគ្គលិកទៅកាន់សហគមន៍»