(ម៉ានិល)៖ អបអរសាទរ! កីឡាប៉េតង់កម្ពុជា ឈ្នះមេដាយមាស ១គ្រឿងនៅ SEA Games 2019 ក្រោយឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល ១៣-៤ពិន្ទុ។

ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាស ១គ្រឿងក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន ក្នុងវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ ឈ្នះក្រុមកីឡាការិនីរបស់ម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផលពិន្ទុ ១៣ទល់នឹង៤ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ។

គួរបញ្ជាក់ផងដែរថា នេះគឺជាមេដាយមាស លើកទី២ របស់កម្ពុជាដែលដណ្តើមបាននៅ SEA Games លើកទី៣០ ឆ្នាំ២០១៩ ដែលមានហ្វីលីពីនធ្វើម្ចាស់ផ្ទះ បន្ទាប់ពីកីឡាគុនល្បុក្កតោ ដណ្តើមបានមេដាយមាស ១គ្រឿងដែរកាលពីដើមសប្តាហ៍ ដោយពេលនេះកម្ពុជា ឈ្នះមេដាយសរុបកើនដល់ ២២គ្រឿងហើយរួមមាន មាស២ ប្រាក់៣ និងសំរិទ្ធ១៧គ្រឿង។

ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដែលដណ្ដើមបានមេដាយមាសទី២ ជូនកម្ពុជាពេលនេះ រួមមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា និង អ៊ុន ស្រីយ៉ា។ តាមរយៈមេដាយមាសនេះ បានធ្វើឲ្យកម្ពុជាហក់មកឈរលេខរៀងទី៧ ក្នុងតារាងមេដាយបណ្ដោះអាសន្នវិញ បន្ទាប់ពីដណ្ដើមបានមេដាយសរុប ២២គ្រឿង រួមមានមេដាយមាស២, ប្រាក់៣, និងសំរឹទ្ធ១៧។

• កីឡាគុនល្បុក្កតោ ឈ្នះមេដាយសរុប ២០គ្រឿង (មាស១, ប្រាក់២ និងសំរឹទ្ធ១៧)។
• កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់១គ្រឿង លើវិញ្ញាសាសីកន្ត្រក់ (នៅមានប្រកួតបន្ដ)។
• កីឡាប៉េតង់ ឈ្នះមេដាយមាស១គ្រឿង (នៅមានការប្រកួតបន្ដ)៕