(ភ្នំពេញ)៖ បើយើងសម្លឹងក្រឡេកទៅកាន់អតីតកាលវិញ ហើយយកភូមិសាស្ត្រ ប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរដែលបានកត់ត្រាដោយជនជាតិចិនមកលាតត្រដាង យើងនឹងយល់ដឹងអំពីតួនាទីនិងសារសំខាន់រវាងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន។ 

ប្រសិនបើយើងប្រើប្រាស់អំណះអំណាងរបស់លោក កាំងថៃ នាសម័យហ្វូណន និងកំណត់ត្រារបស់លោក ជីវតាក្វាន់ នាសម័យអង្គរ យើងនឹងជ្រាបកាន់តែច្បាស់ថា ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនចិនមានអាយុកាលមិនតិចជាង២០០០ឆ្នាំនោះទេ។

លោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនធ្លាប់បានមានប្រសាសន៍នៅក្នុងសន្និសីទស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ នារដ្ឋធានីប៉េកាំង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ថា «កាលពីជាង២០០០ឆ្នាំមុន បុព្វបុរសរបស់យើងដែលធ្វើដំណើរឆ្លងកាត់វាលស្មៅ និងវាលខ្សាច់ដ៏ធំល្វឹងល្វើយ ហើយបានបង្កើតជាផ្លូវឆ្លងកាត់ដែលភ្ជាប់ទ្វីបអាស៊ី អឺរ៉ុប និងអាហ្រ្វិក ដែលត្រូវបានគេស្គាល់ថា ជាផ្លូវសូត្រនាពេលសព្វថ្ងៃនេះ។

បុព្វបុរសរបស់យើងដែលបានធ្វើនាវាចរណ៍នៅលើសមុទ្រដ៏គ្រោះថ្នាក់ បានបង្កើតជាផ្លូវសមុទ្រជាច្រើនតភ្ជាប់ភាគខាងកើត ទៅភាគខាងលិច ដែលមានឈ្មោះថា ផ្លូវសូត្រសមុទ្រ។ ផ្លូវសូត្របុរាណដែលគ្របដណ្ដប់ទាំងផ្លូវសូត្រនៅលើដីគោក និងផ្លូវសូត្រនៅលើផ្ទៃសមុទ្រ បានបើកបង្កើតឲ្យមានជាច្រកនៃការភ្ជាប់ទំនាក់ទំនងមិត្តភាព រវាងប្រជាជាតិនានា ដែលបានបង្កើតជាជំពូកប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយនៃការរីកចម្រើនរបស់មនុស្ស» ។

ជាក់ស្តែង យើងឃើញមានវត្តមាននៃចម្លាក់សំពៅរបស់ជនជាតិចិននៅលើជញ្ជាំងប្រាសាទបាយ័នជាសក្ខីភាពបញ្ជាក់ស្រាប់។ នៅក្នុងរាជធានីយសោធបុរៈ ដែលជារាជធានីដ៏សំខាន់នាសម័យចេនឡា មានការនាំចូលនូវកុលាលភាជន៍ពីប្រទេសចិននារជ្ជកាលសុង។ វត្តមាននៃក្រឡ ថូ ចានរបស់ចិន ជាភស្តុតាងនៃពាណិជ្ជកម្មផ្លូវសូត្រដែលបានបង្ហូរនូវរបស់ប្រើប្រាស់ និងបច្ចេកវិទ្យាពីប្រទេសចិនមកកាន់កម្ពុជា។ ដោយឡែកនាសម័យអង្គរ ជនជាតិខ្មែរបានប្រើប្រាស់សំពត់ចម្រុះពណ៌ពីប្រទេសចិន ដែលនេះជាការឆ្លើយតបនឹងសេចក្តីត្រូវការក្នុងការប្រើប្រាស់នៅក្នុងសង្គមខ្មែរនាពេលនោះ ដូចជាវាំងននសម្រាប់តុបតែងខ្លោងទ្វារ ឬទ្វារ បង្អួច ផ្ទះសម្បែង ឬប្រាសាទ។

តាមរយៈការនាំចូលកុលាលភាជន៍ចិន បានជួយឱ្យបច្ចេកទេសបង់ពណ៌របស់កុលាលភាជន៍ខ្មែរកាន់តែមានភាពល្អវិចិត្របន្ថែមទៀត។ នេះជាភាពស្របគ្នានឹងទស្សនៈរបស់លោក ស៊ី ជីនភីង ដែលបានបញ្ជាក់ថា «ដោយឆ្លងកាត់ចម្ងាយរាប់ពាន់គីឡូម៉ែត្រ និងអស់រយៈពេលរាប់ពាន់ឆ្នាំ ផ្លូវសូត្របុរាណជាតំណាងឲ្យស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ ការបើកចំហ និងបរិយាប័ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ស្មារតីផ្លូវសូត្របានក្លាយទៅជាបេតិកភណ្ឌដ៏អស្ចារ្យនៃអរិយធម៌របស់មនុស្ស»

ទំនាក់ទំនងផ្លូវសូត្រនាបុរាណសម័យត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់តាមរយៈយុទ្ធសាស្រ្តថ្មីមួយរបស់ប្រទេសចិន ហើយដែលត្រូវបានលោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនប្រសិទ្ធនាមថា យុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវ។ វាកាន់តែងាយស្រួលក្នុងការយល់ពីយុទ្ធសាស្រ្តនេះតាមរយៈអំណានសៀវភៅ ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន ដែលជាប្រភពចំណេះដឹងដ៏មហាសាល និងមិនចេះរីងស្ងួត។ សៀវភៅនេះបានគាស់កកាយនូវប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ប្រទេសចិន ហើយបានពន្យល់យ៉ាងក្បោះក្បាយពីភាពរីកចម្រើននិងកិច្ចអភិវឌ្ឍរបស់ចិនរយៈពេលជិតមួយសតវត្សរ៍នេះ។

សៀវភៅនេះបានក្លាយជាឯកសារសិក្សាស្រាវជ្រាវដែលអ្នកសិក្សានៅទូទាំងពិភពលោកមិនអាចមើលរំលងបាន ហើយនេះជាឯកសារគន្ធនិទ្ទេសដ៏មានតម្លៃមហាសាល សម្រាប់ការសិក្សានាសតវត្សរ៍ទី២១ និងសតវត្សរ៍ក្រោយៗទៀត។ អានសៀវភៅនេះហាក់ដូចជាទទួលបានពរជ័យពីកម្លាំងអច្ឆរិយៈលើការផ្តល់ និងចែករំលែកពុទ្ធិមហាសាលដល់កិច្ចអភិវឌ្ឍសង្គម។ ជនជាតិចិនដែលប្រកាន់ខ្ជាប់នូវទស្សនៈដែលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ អ្នកថ្លៃថ្នូរត្រូវត្រឡប់មកកាន់ស្រុកកំណើត មិនត្រូវបានអនុវត្តនៅពេលដែលជនជាតិចិនបានមកដល់កម្ពុជានាបុរាណសម័យឡើយ។

ជនជាតិចិនបានរស់នៅរួមរស់ជាមួយប្រជាជនកម្ពុជាប្រកបដោយមនោសញ្ចេតនាស្រឡាញ់ថែរក្សាទឹកដី ដែនអធិបតេយ្យភាពរបស់កម្ពុជា និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងបានគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់របស់កម្ពុជាទៀតផង ស្របនឹងទស្សនៈដែលថា ចូលស្ទឹងតាមបត់ ចូលស្រុកតាមទេស។ ដោយសារអត្តចរិត ឬកពារ ភាពឧស្សាហ៍ព្យាយាម និងភាពអត់ធ្មត់របស់ជនជាតិចិន ទើបជាបណ្តើរៗ ជនជាតិខ្មែរកាន់តែច្រើនឡើងៗបានយល់ព្រមក្នុងការផ្សំផ្គុំកូនចៅរបស់ខ្លួនជាមួយកូនចៅជនជាតិចិនដែលបានរស់នៅក្នុងប្រទេសកម្ពុជា ហើយក្រុមគ្រួសាររបស់ជនជាតិកម្ពុជា និងជនជាតិចិនបានវេញត្របាញ់ចូលគ្នារវាងប្រពៃណី វប្បធម៌នៃប្រជាជាតិយើងទាំងពីរ។

ការណ៍នេះលោក ស៊ី ជីនភីង បានបញ្ជាក់នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅរដ្ឋធានីប៉េកាំង ក្នុងសន្និសីទស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ថា «យើងគួរជំរុញទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ធ្វើឲ្យស្មារតីផ្លូវសូត្រឆ្ពោះទៅមុខ និងជំរុញការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាការរៀនសូត្រពីគ្នាទៅវិញទៅមកផងដែរ»

ពីទំនាក់ទំនងដ៏ជិតស្និទ្ធពីអតីតកាល បានក្លាយជាបច្ច័យដល់ទំនាក់ទំនងនាពេលបច្ចុប្បន្ននិងអនាគត។ ស្ពានទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនចិននាសម័យហ្វូណនបានតភ្ជាប់ប្រជាជាតិនៃប្រទេសយើងទាំងពីរកាន់តែរឹងមាំក្លាយជាមិត្តភាពដែកថែប។ បងប្អូនល្អ មិត្តល្អ អ្នកជិតខាងល្អ ដៃគូល្អ គឺជាបុព្វបទដ៏សំខាន់នៃទំនាក់ទំនងរវាងប្រជាជាតិយើងទាំងពីរឱ្យកាន់តែប្រសើរ ដោយពន្លាតពីអតីតកាលមកបច្ចុប្បន្នកាល និងទៅអនាគត បានលាតសន្ធឹងពីទីក្រុងដល់ជនបទ និងបានសាបព្រោះពីថ្នាក់ដឹកនាំដល់ប្រជាជន។ សព្វថ្ងៃប្រជាជនកម្ពុជាដែលកំពុងភ្លក្សនូវរសជាតិសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ទទួលបាននូវកិច្ចសហការយ៉ាងល្អប្រសើរជាមួយ នឹងប្រជាជនចិនដែលបាននិងកំពុងវិនិយោគ និងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ក្នុងយុគសម័យសាកលូបនីយ កម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។

ការណ៍នេះ លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នៅរដ្ឋធានីប៉េកាំង ក្នុងសន្និសីទស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ថា «តាមរយៈទស្សនវិស័យជាប្រវត្តិសាស្រ្ត មនុស្សជាតិបានឈានដល់យុគនៃការរីកចម្រើនដ៏អស្ចារ្យ ការប្រែប្រួលដ៏អស្ចារ្យ និងការផ្លាស់ប្តូរយ៉ាងធំធេង។ ក្នុងបរិបទពហុភាគី សកលភាវូបនីយកម្ម សេដ្ឋកិច្ចពិភពលោកឌីជីថល និងពិភពលោកដែលមានវប្បធម៌ចម្រុះ ដែលកំពុងកើនឡើងជាលំដាប់នេះ និន្នាការឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍកាន់តែមានភាពរឹងមាំ ហើយកំណែទម្រង់ និងនវានុវត្តន៍កំពុងតែទទួលបានសន្ទុះយ៉ាងខ្លាំងក្លា។

យើងមិនដែលសង្កេតឃើញមានការអាស្រ័យលើគ្នាទៅវិញទៅមកយ៉ាងស្អិតរមួតរវាងប្រទេសនានា និងបំណងប្រាថ្នាដ៏ក្លៀវក្លារបស់មនុស្សដើម្បីជីវិតល្អប្រសើរ ដូចពេលបច្ចុប្បន្ននេះនោះទេ ហើយយើងក៏មិនដែលមានមធ្យោបាយច្រើន ដើម្បីយកឈ្នះលើការលំបាកនោះដែរ» ។ ជាក់ស្តែង ប្រជាជនកម្ពុជាដែលជាពិសេសកុមារកម្ពុជាដែលមានជំងឺបេះដូងចំហបានទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន។ រូបភាពនៃសកម្មភាពមនុស្សធម៌នៃសង្គមស៊ីវិលរបស់ប្រទេសចិន បានកំពុងបំពេញនៅកម្ពុជាត្រូវបានផ្តិតនិងបោះពុម្ពផ្សាយជាប្រចាំតាមទំព័រសារព័ត៌មាន និងបណ្តាស្ថានីយទូរទស្សន៍ជាតិជាដើម។

ជារួមទំនាក់ទំនងរវាងកម្ពុជានិងចិន ផ្អែកលើវិស័យសេដ្ឋកិច្ចនិងវប្បធម៌ ដែលបានបំពេញនូវតម្រូវការជាក់ស្តែងរបស់ប្រជាជននៅនឹងមូលដ្ឋាន។ ស្ពានមេត្រីភាពរវាងប្រជាជនកម្ពុជានិងចិន ដែលជាពិសេសត្រូវបានពន្លាតក្រោមយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវដែលបានផ្តួចផ្តើមដោយលោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន រមែងតែងនាំមកនូវសុខសន្តិភាព វឌ្ឍនភាពដែលពិភពលោកបានចាត់ទុកថាជាគំរូឱ្យប្រទេសជិតខាង សម្រាប់កាត់បន្ថយភាពប្រទូស្តរាយ ឬភាពអមិត្ត។ ប្រជាជាតិនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិនបានតភ្ជាប់ដួងចិត្តនិងដួងចិត្តរវាងគ្នា និងគ្នាមានអាយុកាលមិនតិចជាង២០០០ឆ្នាំនោះទេ ហើយចំណងនេះកាន់តែរឹងមាំដូចដែកថែបបន្ថែមទៀតក្រោមយុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវ៕

ដោយ៖ បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន