(ម៉ានីល)៖ ក្រុមកីឡាប៉េតង់បុរសកម្ពុជា បានទទួលជ័យជម្នះ ២ប្រកួតផ្ទួនៗ លើវិញ្ញាសាវាយគូបុរស ២នាក់ ទល់នឹង ២នាក់ ហើយត្រៀមជួបក្រុមថៃ នាពេលបន្ដិចទៀតនេះ ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន។

សម្រាប់លទ្ធផល ២ប្រកួតដំបូងនេះ កីឡាករ សុខ ចាន់មាន និងកីឡាករ យ៉ែម បូរ៉ា ធ្វើបានសហការគ្នាយ៉ាងល្អ ដោយយកឈ្នះក្រុមកីឡាករឥណ្ឌូនេស៊ី ១៣-១ពិន្ទុ និងបន្ដយកឈ្នះក្រុមកីឡាករវៀតណាម ១៣-១១ពិន្ទុ។ ប៉ុន្ដែលទ្ធផលនេះ មិនទាន់គ្រប់គ្រាន់ឲ្យក្រុមកម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ គឺត្រូវចាំអ៊ុតលទ្ធផលប្រកួតចុងក្រោយជាមួយក្រុមថៃ នារសៀលថ្ងៃនេះសិន។

លោក សូម៉ៃ សុគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា បានឲ្យដឹងថា ដោយសារមានក្រុម ៣ កំពុងមានពិន្ទុប្រកៀកប្រកិតគ្នា គឺកម្ពុជា ថៃ និងវៀតណាម ខណៈនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ហេតុនេះប្រកួតចុងក្រោយរបស់ក្រុមកម្ពុជា គឺត្រូវការឈ្នះថៃ ឬត្រូវរកពិន្ទុឲ្យបានច្រើន ទើបអាចទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដ្បិតក្នុងមួយពូលមាន ២ក្រុម (ក្រុមមានពិន្ទុខ្ពស់ជាងគេ) ត្រូវឡើងវគ្គបន្ដ ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែធ្នូនេះ កម្ពុជាបានបន្ដរក្សាការដណ្ដើមមេដាយផ្លូវការសរុប ២១គ្រឿងដដែល រួមមានមេដាយមាស ១, ប្រាក់ ៣ និងសំរឹទ្ធ ១៧ ដែលដណ្ដើមបានដោយក្រុមអត្តពលិក៖

• កីឡាគុនល្បុក្កតោ ឈ្នះមេដាយសរុប ២០គ្រឿង(មាស ១, ប្រាក់ ២ និងសំរឹទ្ធ ១៧) ។
• កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសាសីកន្ត្រក់។

ប៉ុន្ដែកម្ពុជាមានអត្តពលិក ១ក្រុម បានឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយមាស គឺក្រុមប៉េតង់នារីកម្ពុជា ដែលត្រូវជួបក្រុមកីឡាការិនីម៉ាឡេស៊ី នារសៀលថ្ងៃព្រហស្បិ៍នេះ លើវិញ្ញាសាជាក្រុម ៣នាក់ ទល់នឹង ៣នាក់៕