(ភ្នំពេញ)៖ ក្នុងសិក្ខាសាលា ដែលរៀបចំឡើងដោយ រាជបណ្ឌិត្យសភាពកម្ពុជា សហការជាមួយមន្ត្រីអនុវត្តន៍ច្បាប់ ព្រមទាំងអ្នកពាក់ព័ន្ធ ស្តីពី «ការកកស្ទះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាម នៅរាជធានីភ្នំពេញ» នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមអ្នកជំនាញសុទ្ធតែលើកឡើងព្រមៗគ្នាថា បច្ចុប្បន្ននេះបញ្ហាកកស្ទះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាម នៅក្នុងរាជធានីភ្នំពេញ នៅតែជាបញ្ហាចម្បងមួយ ដែលតម្រូវឱ្យអ្នកពាក់ព័ន្ធ ចូលរួមដោះស្រាយទាំងអស់គ្នា ដើម្បីសង្គមជាតិទាំងមូល។

បើតាមលោកបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ហាឱ្យដឹងថា បច្ចុប្បន្ននេះ «បញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបញ្ហាគ្រប់គ្រងកាកសំណល់សំរាម» គឺជាបញ្ហាប្រឈមមួយ ត្រូវបានទទួលស្គាល់ជាសាកល ដែលជាបញ្ហាសម្រាប់យើងទាំងអស់គ្នា ពោលគឺពិភពលោកទាំងមូល បានចំណាយថវិកាយ៉ាងច្រើនឥតប្រយោជន៍ សម្រាប់បញ្ហាខាងលើនេះ ជាក់ស្តែងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍តែម្ដង ដែលក្នុងនោះ ក៏រួមមានប្រទេសកម្ពុជាផងដែរ។

លោកបណ្ឌិតថា សព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាម បានជះឥទ្ធិពល ជាអវិជ្ជមានយ៉ាងខ្លាំងដល់សុខមាលភាពសង្គម និងសេដ្ឋកិច្ចជាតិមានន័យថា ករណីជាច្រើនដែលបណ្តាលមកពីការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក និងកាកសំណល់សំរាម ជាពិសេសការគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាសំរាមតែម្តង បានធ្វើឱ្យរាំងស្ទះមួយ ផ្នែកដល់ការ អភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការបាត់បង់នូវសុវត្ថិភាពសង្គម ការចំណាយ ពេលវេលាលើការសម្រាកព្យាបាលជំងឺ ដែលអូសបន្លាយ និងការស្តារលទ្ធភាពពលកម្ម មានរយៈពេលវែង រួមផ្សំជាមួយនឹងការខាតបង់ប្រាក់ចំណូលដោយសារពិការភាព ឬដោយសារការបាត់បង់ជនបង្គោល ក្នុងគ្រួសារ (មេគ្រួសារ) ហើយក៏អាចបណ្តាលឱ្យគ្រួសារមួយចំនួនធ្លាក់ខ្លួន ទៅក្នុងស្ថានភាពក្រីក្រ បានទៀតផងក៏មានព្រមទាំងការ ខូចខាតសុខភាពមនុស្ស សង្គម និងសោភ័ណភាពសាធារណៈផងដែរ។

លោកបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ បានបន្ថែមទៀតថា កត្តាទាំងអស់នេះ បានធ្វើឱ្យប្រទេសទាំងនោះទទួលនូវភាពអន់ថយខាងផ្នែកសេដ្ឋកិច្ចជាតិ តាមរយៈករណីជាច្រើន ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសនីមួយៗផ្ទាល់តែម្តង។ លើសពីនេះទៅទៀត ការកកស្ទះចរាចរណ៍ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់សមត្ថភាពរស់នៅរបស់ប្រជាពលរដ្ឋ ពោលគឺបានធ្វើឱ្យរាំងស្ទុះទៅដល់សមត្ថភាព នៃការកសាងទីលំនៅ ការធ្វើជំនួញ និងការធ្វើឱ្យខូចខាតទៅដល់គុណភាព នៃការរស់នៅក្នុងតំបន់ និងក្នុងពិភពលោកទៀតផង។ ការរីកធំឡើងនៃទីប្រជុំជន នគរូបនីយកម្ម និងការពង្រីកក្រុងដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ គឺជាមូលហេតុនាំទៅដល់ការកកស្ទះចរាចរណ៍ ព្រោះការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នីមួយៗ សុទ្ធតែមានគោលដៅឆ្ពោះទៅទទួលបាននូវសុខុមាលភាព និងភាពសុខដុមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។

លោកបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ជាការកត់សម្គាល់ ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើង២១៧១លើក បណ្តាលឱ្យស្លាប់១០៣៣នាក់ ក្នុងនោះជាង៧០០នាក់ ជាអ្នកជិះម៉ូតូរបួស៣២២៤នាក់ គឺនៅភ្នំពេញ កំពង់ស្ពឺ និងព្រះសីហនុ មានគ្រោះថ្នាក់ច្រើនជាងគេ។ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ កើន៥៣៨លើក ស្មើនឹង៣៣ភាគរយ ស្លាប់កើន១០៣នាក់ និងរបួសកើន៨២៧នាក់។

ជាមួយគ្នានេះដែរ លោកបណ្ឌិតបានបន្តថា បើតាមការប៉ាន់ប្រមាណ នៅទូទាំងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៧ មានបរិមាណសំរាមសំណល់រឹង នៅទីប្រជុំជន ដែលបានបង្កើតឡើង មានប្រហែលជាង៣,៦៥លានតោន ក្នុងមួយឆ្នាំ ឬជាង១ម៉ឺនតោនក្នុងមួយថ្ងៃ។ សំរាម នៅខេត្តសៀមរាប ពី៣៥០តោន ទៅ៤០០តោន ខេត្តព្រះសីហនុ ពី៦០០តោន ទៅ៦៥០តោន និងរាជធានីភ្នំពេញ មានជិត៣ពាន់តោន ដែលសំណល់សំរាមពី៧០ ទៅ៨០ភាគរយ នៃបរិមានសំណល់សរុបត្រូវបានប្រមូលទៅដាក់ទីលាន និងសម្រាប់កែច្នៃ។ ដូច្នេះ ការទុកដាក់ការញែក សំរាមទៅតាមប្រភេទ ការប្រមូលសំរាម និងផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត ដល់មហាជនដែលជាអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរ តាមផ្លូវសាធារណៈប្រចាំថ្ងៃ ក្នុងគោលដៅសម្រាប់ការងារចិញ្ចឹមជីវិត។

លោកបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន បានបញ្ជាក់ថា ដើម្បីធ្វើឱ្យផលប៉ះពាល់ជាអវិជ្ជមាននៃសកម្មភាពទាំងនោះ មានកម្រិតអប្បបរិមាទៅដល់បរិស្ថាន និងសុខុមាសភាពសាធារណៈ គឺទាមទារឱ្យមានការចូលរួមរៀបចំ ត្រួតពិនិត្យ អប់រំ និងផ្សព្វផ្សាយសណ្តាប់ធ្នាប់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ លើគ្រប់សកម្មភាពនានា ដើម្បីធ្វើយ៉ាងឱ្យប្រទេសកម្ពុជា ទទួលបាននូវការអភិវឌ្ឍប្រសើរមួយ ក្នុងការកាត់បន្ថយផលប៉ះពាល់ ដែលបណ្តាលមកពីការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ និងការចោលសំរាមពាសវាលពាសកាល ព្រមទាំងយឺតយ៉ាវជាដើម។

អ្នកជំនាញរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយនេះ បរិមាណសំរាមជាមធ្យមចំនួនប្រមាណជាង២៨០០តោន ក្នុង១ថ្ងៃ ដែលមានការកើនឡើងក្នុងរង្វង់ពី១០ភាគរយ ទៅ១៣ភាគរយ ក្នុង១ឆ្នាំ។ បរិមាណសំរាមក្នុងទីក្រុង ត្រូវបានព្យាករណ៍ថានឹងមានការកើនឡើងបន្តទៀត ដែលទាមទារឱ្យមានវិធានការ ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផែនចរាចរណ៍ បានឱ្យដឹងដែរថា បញ្ហាកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ បណ្តាលមកពីកត្តាមួយចំនួនដូចជា កំណើនមនុស្ស និងមធ្យោបាយយានយន្តគ្រប់ប្រភេទមានការកើនឡើងយ៉ាងកំហុក ដែលធ្វើឱ្យបញ្ហាកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញផងដែរ។

លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ បានបន្តថា សព្វថ្ងៃនេះ រដ្ឋបាលរាជាធានីភ្នំពេញ បានខិតខំកែសម្រួលហេដ្ឋារចនាសម្ព័ន្ធនានា ក៏ប៉ុន្តែមិនទាន់បានឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងតែកើតមាននៅក្នុងទីក្រុងនោះទេ ហើយកត្តាដែលធ្វើឱ្យកកស្ទះចរាចរណ៍ នាពេលបច្ចុប្បន្ននេះ ក៏បណ្តាលមកពីឥរិយាបថរបស់អ្នកបញ្ហាយានយន្តមួយចំនួនធំនៅលើផ្លូវថ្នល់ ដែលមិនបានចូលរួមចំណែកគោរពច្បាប់ចរាចរណ៍ជាដើម។ បន្ថែមពីនេះ មានម្ចាស់ហាងមួយចំនួន គាត់បានយកទ្រូងផ្លូវ ដើម្បីធ្វើជាចំណតរថយន្ត ដែលធ្វើឱ្យទ្រូងផ្លូវមានវិសាលភាពតូច ចង្អៀតដែលធ្វើនៅចំណុចនោះមានការកកស្ទះចរាចរណ៍ផងដែរ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ចំពោះការសង់រោង ដើម្បីរៀបចំពិធីផ្សេងៗ នៅលើទ្រូង ដែលមិនស្តាប់តាមការអំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងការសាងសង់ការដ្ឋាន អគារខ្ពស់ ដែលតម្រូវឱ្យមានរថយន្តដឹកសម្ភារធំៗចូលក្នុងរាជធានីភ្នំពេញ ក៏បានចូលរួមចំណែកបង្កឱ្យមានការកកស្ទះចរចរណ៍។ លោកថា ប្រសិនបើគ្មានការចូលរួមពីសំណាក់មន្ត្រីនគរបាលចរាចរណ៍ ប្រជាការពារនៅតាមបណ្តាលខណ្ឌនានានោះទេរាជធានីភ្នំពេញនឹងជួបបញ្ហាកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន។

លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ បានបញ្ជាក់បន្ថែមទៀតថា តួយ៉ាងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ នៅតាមទីតាំងណាមួយដែលគ្មាន មន្ត្រីនគរបាលចរាចរណ៍ គឺភាគច្រើនគាត់មិនគោរពតាមភ្លើងសញ្ញាចរាចរណ៍នោះទេ ទាំងនេះជាកត្តាមួយធ្វើឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានមនុស្សរងរបួស ពិការភាព ឬរហូតដល់បាត់បង់ជីវិតជាដើម ហើយបច្ចុប្បន្ននេះ គ្រាន់តែនៅក្នុងរាជធានីភ្នំពេញ មានមន្ត្រីនគរបាលចរាចរណ៍ជិត១ពាន់នាក់ បូកបន្ថែមជាមួយអាជ្ញាធរដែនដី និងប្រជាការពារ ដែលពួកគាត់កំពុងតែមមាញឹកលើការងារ សម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋនៅតាមដងផ្លូវនានា៕