​(ភ្នំពេញ)៖ បន្ទាប់ពីមានការទម្លាយថា កូនខ្មែរមួយក្រុមបានប្រើពេលសិក្សាស្រាវជ្រាវរហូតដល់៣ឆ្នាំ តស៊ូផលិតបានផលិតផលប្រេងកូឡា ដែលផលិតផលនេះ ក៏ត្រូវបានប្រកាសថា នឹងត្រៀមវាយលុកទីផ្សារនៅពេលខាងមុខ ធ្វើឲ្យមានការកោតសរសើរពីមហាជន ជាពិសេសយើងទទួលបានផលិតផល ជាមោទនភាពរបស់ជាតិខ្មែរពិតៗ ដែលកើតចេញពីស្នាដៃកូនខ្មែរ។ ទោះជាទម្រាំសម្រេចបានផលិតផលនេះ ប្រើពេលដល់៣ឆ្នាំ ហើយចំណាយទុនរួមគ្នាច្រើន ស្ទើរតែចង់បោះបង់មហិច្ឆតាចោលម្ដងៗ ក៏កូនខ្មែរមួយក្រុមនេះ នៅសម្រេចសមិទ្ធផលបាន។

ការផលិតនេះ ក៏ត្រូវបានបញ្ជាក់ថា ដើម្បីប្រកួតប្រជែងជាមួយទីផ្សាររបស់បរទេស ដែលចរាចរ​ក្នុងស្រុក ដោយមិនមែនគ្រាន់តែផលិតឲ្យចេញរូបរាង ហើយទុកចោលទេ។ លោក ស្រេង ឈាងឡេង អ្នកឯកទេសមួយរូប ក្នុងចំណោមអ្នកស្រាវជ្រាវ៣រូប ​ដែលត្រូវគេស្គាល់ថា ជាតារាសម្ដែងផង​នោះ បាននិយាយថា មុនពេលប្រឡូកជាតារាសម្ដែង លោកគឺជាអតីត​និស្សិតផ្នែកឱសថសាស្ត្រ និងជំនាញកុមារ ទើបលោក ​និងមិត្តរួមជំនាន់សម្រេចស្រាវជ្រាវបង្កើតជាឱសថ ហើយស្រាវ​ជ្រាវឃើញរូបមន្ត ក្នុងការបង្កើតផលិតផល​ ក្នុងស្រុកជាច្រើនមុខ។ យ៉ាងណាមិញក្រុមរបស់លោក បានសម្រេចជ្រើសយកការផលិតជា​ប្រេងកូឡាមុនគេ ដោយសារតែផលិតផលនេះ​ ធៀបនឹងការផលិតឱសថផ្សេងៗ ចំណាយដើមទុនតិចជាងគេ ហើយសង្ឃឹមថា បើជោគជ័យ​ងាយរកទីផ្សារ។

លោកបានបន្តថា ក្រុមទាំងមូលតស៊ូលើជំនាញមួយនេះ ពិបាកច្រើនដំណាក់កាល ជាពិសេសបញ្ហាកង្វះដើមទុន ដោយរយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមទាំងមូលចំណាយរួមគ្នា មិនក្រោម១០ម៉ឺនដុល្លារទេ។ ​ក្រុមទាំងមូលនៅតែបន្តឆ្ពោះទៅមុខ ជាមួយនឹងផលវិបាករាប់មិនអស់ ហើយទីបំផុតផលិតផលប្រេងកូឡា ដែលក្រុមលោកធានា គឺមានគុណភាពចង់ល្អ ជាងផលិតផលនាំចូលមួយចំនួន ក៏សម្រេចបាន។ ក្នុងនោះក៏មានការបែងចែកជាសាច់ប្រេងកូឡា សម្រាប់តម្រូវស្បែកមនុស្សចាស់ និងកូនក្មេង ដោយឡែកពីគ្នា​។

លោក ស្រេង ឈាងឡេង បន្តថា​ ក្រុមរបស់លោកបានត្រៀមសុំច្បាប់រត់ការ ដើម្បីចរាចរ​ផលិតផលមួយនេះ នៅលើទីផ្សាររួចហើយ ដោយក្រោយក្រសួងអនុញ្ញាតិច្បាប់ ប្រសិនបើមានការគាំទ្រខ្លាំង គឺស្វែងរកដៃគូបង្កើតជារោងចក្រ ដែលតាមការប៉ាន់ស្មាន គឺប្រើដើមទុនជាង១លានដុល្លារ គឺគ្រប់គ្រាន់។

​ក្នុងពេលខាងមុខ លោករំពឹងថា នឹងមានកូនខ្មែរច្រើនឡើង ងាកមកផលិតឱសថ ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីបរទេស ក៏ដូចជាដើម្បីឲ្យក្នុងប្រទេសកម្ពុជាទាំងមូល មានផលិតផលប្រេងកូឡា ដែលមានស្ដង់ដារជារបស់ជាតិខ្លួន៕