(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមរបស់លោកសាស្ត្រាចារ្យ ហ៊ីឌីតូស៊ី នីឈីមូរ៉ា (Hidetoshi Nishimura) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងសហការី ក្នុងគោលបំណងពិភាក្សាការងារ រវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថាន ERIA។

ជំនួបនេះធ្វើឡើងនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោកសាស្ត្រាចារ្យ នីឈីមូរ៉ា បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មចូលក្នុងតំបន់ និងពិភពលោក។

លោកសាស្ត្រាចារ្យបានជម្រាបជូនដែរថា ក្នុងពេលបច្ចុប្បន្នវិសាលភាពការងាររបស់វិទ្យាស្ថាន ERIA ត្រូវបានពង្រីកដោយគ្របដណ្ដប់ទាំងការស្រាវជ្រាវលើវិស័យបរិស្ថាន ថាមពល អប់រំ សុខាភិបាល និងគ្រប់គ្រងគ្រោះមហន្តរាយ បូកបន្ថែមពីលើការងារពាក់ព័ន្ធ នឹងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោកសាស្ត្រាចារ្យបានឲ្យដឹងថា ការពង្រីកវិសាលភាពការងាររបស់វិទ្យាស្ថាន ERIA គឺជាគំនិតផ្ដួចផ្ដើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងភ្នំពេញនៅឆ្នាំ២០១២ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ច្បាស់ពីសក្ដានុពលរបស់វិទ្យាស្ថានក្នុងពេលអនាគត។ ជាមួយនឹងការងារថ្មីទាំងនេះ លោកសាស្ត្រាចារ្យបានជម្រាបជូនថា វិទ្យាស្ថាន ERIA ត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២ ខាងមុខ។

ឆ្លើយតបទៅនឹងមតិរបស់លោកសាស្ត្រាចារ្យ នីឈីមូរ៉ា លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានវាយតម្លៃខ្ពស់ផងដែរ ពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន ERIA និងក្រសួងពាណិជ្ជកម្ម ជាពិសេសការសិក្សានានា ដែលវិទ្យាស្ថានបានគាំទ្រ និងរៀបចំ ដើម្បីជាព័ត៌មាន និងឯកសារយោងដល់ការចរចាកិច្ច ព្រមព្រៀងថ្នាក់តំបន់ និងទ្វេភាគី ក៏ដូចជាអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម នៅកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីបន្តថា នៅក្នុងខណៈនេះ កម្ពុជាកំពុងតែធ្វើការសិក្សាអំពីលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជាជាមួយនឹងប្រទេសចិន និងកូរ៉េ ហើយសង្ឃឹមថាវិទ្យាស្ថាន ERIA នឹងបន្តគាំទ្រកម្ពុជាបន្ថែមលើការងារនេះ។ ទាក់ទងនឹងការគាំទ្រដល់កម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ លោករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសំណើនេះ ហើយនឹងត្រៀមខ្លួនសហការជាមួយ ERIA ឲ្យមានប្រសិទ្ធភាព៕