(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញជាទីបំផុត រកឃើញជើងខ្លាំងជ័យលាភី ការធ្វើភីហ្សាលឿនជាងគេនៅកម្ពុជា ប្រចាំឆ្នាំ២០២០ ហើយនឹងត្រៀមខ្លួនប្រកួតនៅកម្រិតអន្តរជាតិថែមទៀត។

សម្រាប់ម្ចាស់ជ័យលាភីលេខមួយ និងជាម្ចាស់ពានរង្វាន់កំពូលអ្នកធ្វើភីហ្សាលឿនជាងគេឆ្នាំ២០២០ បានទៅលើបេក្ខជនឈ្មោះ ផន សំបូរ ដែលចំណាយរយៈពេល១នាទី និង៤៨វិនាទី ដែលធ្វើភីហ្សាបានចំនួន៣ទទួលបាន ពានកំពូលអ្នកធ្វើភីហ្សាលឿនជាងគេ ព្រមទាំងរង្វាន់លើកទឹកចិត្តប្រាក់ខែមួយខែ និងដំណើរកំសាន្តក្នុងស្រុកផងដែរ។

កម្មវីធីប្រកួតដ៏ធំប្រចាំឆ្នាំ កំពូលអ្នកធ្វើភីហ្សាលឿនជាងគេ ប្រចាំឆ្នាំ២០២០ ត្រូវបានរៀបចំឡើងដោយ ដូមីណូភីហ្សា។ កម្មវិធីលំដាប់ថ្នាក់ពិភពលោក រៀបចំឡើងដើម្បីស្វែងរកជើងខ្លាំង តំណាងឲ្យកម្ពុជាចូលរួម ក្នុងការប្រកួតដ៏រំភើបអស្ចារ្យ ជាមួយបណ្ដាប្រទេសជាច្រើនផ្សេងទៀត។

ការប្រកួតនេះមានការចូលរួមពីបេក្ខជន និងបេក្ខនារីសរុប ចំនួន២០រូប ក្នុងនោះមានបេក្ខនារី៣។ ចំណែកឯម្ចាស់ជ័យលាភីលេខ២ បានទៅលើបេក្ខជនឈ្មោះ គន ធារិទ្ធ ដែលចំណាយរយៈពេលធ្វើភីហ្សាចំនួន១នាទីនិង៥៨វិនាទី ទទួលបានរង្វាន់លើកទឹកចិត្តប្រាក់ខែកន្លះខែ និងដំណើរកំសាន្តក្នុងស្រុក។

លោក គួច សុខលី ប្រធាននាយកប្រត្តិបត្តក្រុមហ៊ុន Yinkok Food Corp ថ្លែងឲ្យដឹងថា ថ្ងៃនេះជាថ្ងៃដែលដូមីណូភីហ្សា រៀបចំប្រកួតប្រជែង ដើម្បីជម្រើសយកអ្នកធ្វើភីហ្សាលឿនជាងគេ ដើម្បីតំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួតក្នុងតំបន់ ដែលរៀបចំឡើងនៅខែកុម្ភៈ ឆ្នាំ២០២០ ក្នុងប្រទេសឥណ្ឌា។

លោកបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកចូលរួមប្រកួតទៀតអស់ គឺតម្រូវយកជើងខ្លាំងតែមួយរូបប៉ុណ្ណោះ ដែលអាចឈានជើងចូល ទៅប្រកួតក្នុងតំបន់បាន។

គួរបញ្ជាក់ថា ក្នុងការប្រកួតប្រជែងនេះ បេក្ខជនបេក្ខនារីទាំងអស់ ទទួលបានការដាក់ពិន្ទុយ៉ាងសុក្រឹត ពីគណៈកម្មការចំនួន៤រូប ដោយបេក្ខជន និងបេក្ខនារីនីមួយៗ តម្រូវឲ្យធ្វើភីហ្សាចំនួន៣ ដែលមានរសជាតិផ្សេងគ្នា ហើយសំរាប់ការដាក់ពិន្ទុទៀតសោត ផ្ដោតសំខាន់ទៅលើ៣ចំនុចរួមមាន៖ ការធ្វើភីហ្សាបានលឿងជាងគេ, ភាពស្អាតនៃការរៀបចំភីហ្សា និងបរិមាណនៃគ្រឿងផ្សំ។

កម្មវិធីប្រកួតកំពូលអ្នកធ្វើភីហ្សាលឿនជាងគេនេះធ្វើឡើង ដើម្បីសម្រឹតសម្រាំង ស្វែករកបេក្ខជនឬបេក្ខនារី ជើងខ្លាំងតែមួយរូបប៉ុណ្ណោះ ដែលមានសមត្ថភាពពិត ក្លាយខ្លូនជាមា្ចស់ពានរង្វាន់ ព្រមទាំងទទួលបានឱកាសឈាន ទៅដល់ការប្រកួតលំដាប់ថ្នាក់ពិភពលោក នៅខែកុម្ភៈឆ្នាំ២០២០ខាងមុខនេះ៕