(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុ ជាប្រចាំទាំងក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា ក្រសួងសូមជូនដំណឹង ដល់សាធារណជនឲ្យបានជ្រាបថា ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា។

ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យបណ្តារាជធានីខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ចុះត្រជាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ៥-៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះមាន៖

១៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨°C និងសីតុណ្ហភាពអតិបរមា មានពី២៥-២៧°C។

២៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមាមានពី ១៨-២០°C និងសីតុណ្ហភាពអតិបរមា មានពី២៦-២៨°C ។

៣៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង សីតុណ្ហភាពអប្បបរមាមានពី ២១-២៣°C និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៨°C ។

៤៖ ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុសីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។

យោងលើស្ថានភាពធាតុអាកាសនេះ ក្រសួងធនធានទឹក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ពដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សូមមេត្តាប្រុងប្រយ័ត្ន បង្ការ និងថែរក្សាសុខភាពពីធាតុអាកាសចុះត្រជាក់នេះ៕