(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ចមន្ដ្រីនគរបាលយុត្តិធម៌» លើកទី២។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក សុខ សារេត និងលោក សរ សិទ្ធិ អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង និងផលិតផលក្លែងក្លាយ ដែលមានការចូលរួមពីសិក្ខាកាមប្រមាណ៩០នាក់។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវរៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែធ្នូ ដោយមេរៀនសំខាន់ៗរួមមាន៖ នីតិវិធីនៃការប្រមូលសំណាក និងភស្ដុតាង ដើម្បីដាក់បន្ទុក និងដាក់ជូនតុលាការ, បទពិសោធន៍នីតិវិធីព្រហ្មទណ្ឌ និងភារកិច្ចមន្ដ្រីនគរបាលយុត្តិធម៌, បញ្ហាប្រឈម វិធីការពារ និងដំណោះស្រាយដែលអាចកើតមានឡើងពេលប្រតិបត្តិការបង្ក្រាប។

វគ្គបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ចំណេះដឹងបន្ថែមដល់មន្រ្តីអនុវត្តច្បាប់នៃគណៈកម្មាធិការ (គ.ប.ផ.ក) អំពីនីតិវិធីអនុវត្តច្បាប់ផ្សេងៗ ដែលមានចែងក្នុងក្រមនីតិវីធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ច មន្រ្តីនគរបាលយុត្តិធម៌ និងដើម្បីពង្រឹងដល់មន្រ្តីអនុវត្តច្បាប់ ឲ្យកាន់តែមានសមត្ថភាព ពេលចុះបង្រ្កាបផលិតផលក្លែងក្លាយ និងហានិភ័យរបស់សមត្ថកិច្ចជំនាញ ពេលដែលចុះបង្រ្កាប ទីតាំងផលិតផលក្លែងក្លាយ ដែលបានផ្តោតលើនីតិវិធី ។

សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ មានវាគ្មិន គឺលោកឧត្តម សេនីយ៍ត្រី អៀង ណាវី គ្រូនគរបាលជាតិ នៃសាលាបណ្ឌិត្យសភា នគរបាលកម្ពុជា លោកឧត្តមសេនីយ៍ទោ ប៉ាល់ សុធី អនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ និងលោក ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ដែលនឹងធ្វើជាគ្រូឧទ្ទេសក្នុងការណែនាំ និងបង្ហាត់បង្រៀនដល់សិក្ខាកាម៕