(កំពត)៖ លោក ស៊ឹម គឹមសែន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំអ្នកពាក់ព័ន្ធប្រមាណ ១០០០នាក់ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នារួមគ្នាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍និងជំងឺអេដស៍» នៅសាលសន្និសីទសាលាខេត្តកំពត។

លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បានលើកឡើងថា បច្ចុប្បន្នដោយមានការខិតខំយកចិត្តទុកដាក់ពីរដ្ឋាភិបាល កម្ពុជា ក៏ដូចជាមន្ទីរពាក់ព័ន្ធសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍នានា បានធ្វើឲ្យអត្រាឆ្លងមេរោគអេដស៍មមានការថយចុះក្នុងចំណោមប្រជាជនទូទៅពីអាយុ១៥ឆ្នាំ ដល់៤៩ឆ្នាំ ដែលនៅឆ្នាំ១៩៩៧ មានចាប់ពីត្រឹម ២,៨ភាគរយ មកនៅត្រឹម ០,៦ភាគរយនៅឆ្នាំ២០១៨ សម្រាប់នៅក្នុងខេត្តកំពត។

ក្នុងឱកាសនោះលោក ស៊ឹម គឹមសែន និងលោកអភិបាលខេត្ត ជាវ តាយ ជាបន្តបន្ទាប់ បានអាននូវសន្ទរកថារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា។

ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ដែលមានន័យខ្លឹមសារ ជាអាទិថា ទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ក្នុងឆ្នាំ២០១៩នេះ ដែលកម្ពុជាយើង បានកំណត់ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍» ដែលជាប្រធានបទមានគោលបំណងបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥។

តាមរយៈសារលិខិតក៏បានឲ្យដឹងទៀតថា ក្នុងរយៈកាល ២៨ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា និងកាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រហូតសម្រេចបាននូវការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ធ្វើឲ្យអត្រាផ្ទុកមេរោគអេដស៍ ក្នុងចំណោមប្រជាជនទូទៅចាប់ពីអាយុ១៥ឆ្នាំ ទៅ ៤៩ឆ្នាំ បានធ្លាក់ចុះពី ២,៦ភាគរយ នៅឆ្នាំ១៩៩៨ និងបន្តធ្លាក់ចុះមកនៅ១ភាគរយ នៅឆ្នាំ២០០៦ និងបន្តធ្លាក់ចុះទៀតជាបន្តបន្ទាប់ នៅ ០,៨ភាគរយ នៅឆ្នាំ២០១០ និង ០,៥ ភាគរយ នៅឆ្នាំ២០១៩នេះ។

តាមរយៈរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្ពុជាអាចកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មីបាន ពី២៣០០នាក់ ក្នុងឆ្នាំ២០១០ នៅត្រឹមចំនួន ប្រមាណ ៨៨០នាក់ ក្នុងឆ្នាំ២០១៩ ចំណែកការផ្ដល់ឱសថប្រឆាំងមេរោគអេដស៍វិញ អាចសម្រេចបាន ៩៩ភាគរយ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ដែលកំពុងត្រូវការឱសថប្រឆាំងមេរោគអេដស៍ និងសេវាថែទាំព្យាបាល ហើយដែលជាលទ្ធផលបានធ្វើឱ្យអត្រាមរណភាពដោយសារជំងឺអេដស៍ធ្លាក់ចុះជារៀងរាល់ឆ្នាំ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវផងដែរថា បើទោះបីកម្ពុជាយើងសម្រេចបាននូវសមិទ្ធផលធំធេង និងជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ដូច្នេះសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជនរួមជាតិគ្រប់មជ្ឈដ្ឋាន រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ហើយក៏សូមអំពាវនាវដល់គ្រប់ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់សម្រាប់ការងារប្រយុទ្ធ ទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ជាវ តាយ និងលោក ស៊ឹម គឹមសែន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារអ្នករងគ្រោះ ដោយសារមេរោគអេដស៍ ជំងឺអេដស៍ ប្រមាណជិត ១០០០នាក់ ដោយក្នុងម្នាក់ៗទទួលបានអំណោយ រួមមាន: អង្ករ២៥គីឡូ, ទឹកដោះគោខាប់ ២កំប៉ុង, ស្ករស ១គីឡូ, ទឹកត្រី១យួរ, អាវយឺតមួយចំនួន និងថវិកា២ម៉ឺនរៀល និងជូនថវិកាមួយចំនួនដល់យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ចំនួន ១៥០នាក់ ដែលបានចូលរួមក្នុងពិធីនេះ៕