(ត្បូងឃ្មុំ)៖ តាមរយ:កិច្ចប្រជុំត្រៀមរៀបចំ ប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្សារដារ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាមទី១ ស្ថិតនៅមាត់ច្រកទ្វារព្រំដែនទ្វេភាគីដារ ក្នុងភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់នឹងព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម ដែលចំណាយអស់ទឹកប្រាក់ប្រមាណ ២លានដុល្លារ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាចុងខែធ្នូ ឆ្នាំ២០១៩នេះ។

ក្នុងកិច្ចប្រជុំក៏មានការចូលរួមពីលោក បែន រ័ត្ន ស្នងការនគរបាលខេត្ត លោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងអភិបាលស្រុក ប្រធានមន្ទីរជុំវិញខេត្ត។

លោក ហាក់ សុខមករា ថ្លែងឲ្យដឹងទៀតថា ផ្សារដារនេះ ជាផ្សារគំរូព្រំដែនកម្ពុជា-វៀតណាមទី១ ដោយចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពីការសាងសង់អស់រយ:ពេលប្រមាណ ២៣ខែ។

លោកបន្ថែមឲ្យដឹងទៀតថា ផ្សារដារ ត្រូវបានសាងសង់លើផ្ទៃដីប្រមាណជិត២ហិចតា (១៩,៦២៨ម៉ែត្រការ៉េ) ដោយមានអគារផ្សារ ទំហំ១៦០០ម៉ែត្រការ៉េ ក៏ដូចជាអគាររដ្ឋបាល អគារឃ្លាំងដាក់ទំនិញ បន្ទប់ទឹក ប្រព័ន្ធលូ និងអាងស្តុកទឹកស្អាតជាដើម។

លោកអភិបាលរងខេត្ត បានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថា ផ្សារដារនេះ នឹងបម្រើអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញ របស់ប្រជាជន នៃប្រទេសទាំងពីរ ជាពិសេស រួមចំណែកដោះស្រាយ បញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែងតែរាំងស្ទះ ដល់ការធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម។

គួររំលឹកផងដែរថា ផ្សារដារនេះ ត្រូវបានអនុម័ត លើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្ត ឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដី ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេស ត្បូងឃ្មុំ ជាមួយទុនវិនិយោគ សរុបចំនួន ៤៤,៧៦១,៤១១,០០០ វៀតណាមដុង ឬប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ រដ្ឋាភិបាលវៀតណាម៕