(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

យោងតាម Facebook ផ្លូវការរបស់លោក ត្រាំ អ៉ីវតឹក បានផ្សព្វផ្សាយថា នៅក្នុងជំនួបនោះលោកW. Patrick Murphy បានលើកឡើងថា គោលបំណងរបស់លោក នាថ្ងៃនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឌីជីថល រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់ នៃវិស័យទូរស័ព្ទចល័តនៅកម្ពុជា ហើយកម្ពុជា គឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសនាំមុខ ដែលមានអ្នកប្រើប្រាស់ទូរស័ព្ទច្រើនជាងគេ នៅក្នុងតំបន់។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាង ក្រសួង និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ហៅកាត់ (USABC) នាពេលកន្លងមក ព្រមទាំងរំពឹងថា នឹងមានការិយាល័យតំណាង USABC នៅកម្ពុជានាពេលខាងមុខ ហើយការទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកទ្វេរឡើងថែមទៀត។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ទំនុកចិត្ត និងប្រគល់ភារកិច្ចថ្មី មកបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំកម្ពុជា។

លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី សង្ឃឹមថា វត្តមានរបស់លោកឯកអគ្គរដ្ឋទូតនៅកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនង ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត រវាងប្រទេសទាំងពីរ៕