(កំពង់ស្ពឺ)៖ នៅថ្ងៃពុធ ៨កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ៤ ខែធ្នូ ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា (កក្រក) បានប្រារព្ធទិវាអន្តរជាតិនៃអ្នក ស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន» ដោយមានការអញ្ជើញចូលរួមពី លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រី សាខា កក្រក ខេត្តកំពង់ស្ពឺ អនុសាខា កក្រក ស្រុកគងពិសី និងស្រុកបរសេដ្ឋ ព្រមទាំង មន្ត្រីទីស្នាក់ការកណ្ដាល អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក សរុបប្រមាណ ២៧០នាក់។

ក្នុងឱកាសនៃការប្រារព្ធទិវានេះ លោកស្រី អគ្គលេខាធិការស្តីទី បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខរបស់ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបាន បរិច្ចាគ ធនធាន ពេលវេលា កម្លាំងកាយ-ចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធសាធ ក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា ។

ជាមួយគ្នានេះ ដែរ លោកស្រី អគ្គលេខាធិការស្ដីទី បានគូសបញ្ជាក់ពី គុណតម្លៃនៃការងារស្ម័គ្រចិត្ត ហេីយដែល ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌របស់ចលនាអន្ដរជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ដែលមានអ្នកស្ម័គ្រចិត្តជាង ១២លាននាក់ ជាឆ្អឹងខ្នងរបស់ចលនា និងជាកម្លាំងប្រតិបត្តិករ មនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ជាក់ស្តែង កាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជាង៤ម៉ឺននាក់ នៅទូទាំងប្រទេស ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបានក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត បានទាន់ពេលវេលា និងនៅគ្រប់ទីកន្លែង។

តំណាង អ្នកស្ម័គ្រចិត្ត ២នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ៣នាក់ បានថ្លែងចំណាប់អារម្មណ៍ និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការ បំពេញតួនាទីជាកម្លាំងឈានមុខ ដេីម្បីដឹងពីស្ថានភាព រស់នៅ របស់ ប្រជាពលរដ្ឋ ដែលត្រូវការឱ្យជួយសម្រាលការ លំបាក ពីកាកបាទក្រហមកម្ពុជា។

ដើម្បីជាការលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត ដែលចូលរួមក្នុងឱកាស នៃការប្រារព្ធទិវានេះ កាកបាទក្រហមកម្ពុជា បានផ្ដល់ជូននូវបណ្ណសរសើរ និងថវិកាម្នាក់ៗចំនួន ៥០,០០០រៀល។

ដោយឡែក សាខា កក្រក ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភបន្ថែម ម្នាក់ៗទទួលបាន សារុង ១ និងថវិកា ២ម៉ឺនរៀល បន្ថែមទៀត ។ចំពោះយុវជន កក្រក ទទួល បាននូវសៀវភៅបន្ថែម ចំនួន ២ក្បាល និងប៊ិក ១ដេីមផងដែរ ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ធ្លាប់បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ជារៀងរាល់ឆ្នាំ ក្នុងនោះ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ធ្វើនៅខេត្តកំពង់ធំ, ឆ្នាំ២០១៤ នៅខេត្តព្រះវិហារ, ឆ្នាំ២០១៥ នៅខេត្តព្រៃវែង, ឆ្នាំ២០១៦ នៅខេត្តស្វាយរៀង , ឆ្នាំ២០១៧ នៅខេត្តតាកែវ និងខេត្តបាត់ដំបង , ឆ្នាំ២០១៨ នៅខេត្តកំពង់ចាម និងខេត្តក្រចេះ។

សម្រាប់ឆ្នាំ២០១៩នេះ ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ចូលរួមរៀបចំការប្រារព្ធទិវា នេះឡើង នៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ ។ ដោយឡែក សាខាផ្សេងៗ ទៀត នឹងប្រារព្ធទៅតាមលទ្ធភាពជាក់ស្តែងរបស់ខ្លួន៕