(ភ្នំពេញ)៖ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានដឹកនាំកិច្ចប្រជុំវិបស្សនាស្តីពី «ភាពជាដៃគូរវាងកម្ពុជា និង WB» (Country Partnership Framework 2019-2023)» ដើម្បីធ្វើការពិភាក្សាស៊ីជម្រៅអំពីស្ថានភាព, បញ្ហាប្រឈម និងដំណោះជាលក្ខណៈយុទ្ធសាស្រ្ដ ក្នុងការរៀបចំផែនការសំណើគម្រោង ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងតម្លៃបន្ថែមដែលនឹងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កិច្ចប្រជុំវិបស្សនានេះ មានការអញ្ជើញចូលរួមពីលោក Gevorg Sargsyan នាយកគ្រប់គ្រងស្តីទី WB ប្រចាំប្រទេសមីយ៉ាន់ម៉ា, កម្ពុជា និងឡាវ, លោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងការិយាល័យ WB ប្រចាំកម្ពុជា, នាយកតាមវិស័យឯកទេសរបស់ WB និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋា- ភិបាលកម្ពុជា, គ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងស្ថាប័នស្រាវជ្រាវជាតិ និងអន្តរជាតិ ផងដែរ។

នៅក្នុងកិច្ចប្រជុំវិបស្សនានេះ លោករដ្ឋលេខាធិការប្រចាំការ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា និង WB បានឈានដល់កម្រិតនៃកិច្ចសហប្រតិបត្តិការថ្មីមួយទៀត តាមរយៈការសម្រេចបាននូវ ការរៀបចំ ឯកសារ «ក្របខ័ណ្ឌភាពជាដៃគូរវាងកម្ពុជា និង W-CPF» ដែលទទួលបានការអនុម័តពីក្រុមប្រឹក្សានាយកប្រតិបត្តិ WB រួចហើយ ដោយគ្រោងទឹកប្រាក់សរុបចំនួនប្រមាណ ១០០០ លានដុល្លារអាមេរិក បានមកពីកញ្ចប់ថវិកា IDA18 (២០១៧ -២០២០) ចំនួនប្រមាណ ៤៨០លានដុល្លារអាមេរិក និងកញ្ចប់ថវិកា IDA19 (២០២១-២០២៣) ចំនួន ៥០០-៥៥០ លានដុល្លារអាមេរិក។ ជោគជ័យនៃការរៀបចំ CPF រួមគ្នានេះ គឺជាសក្ខីភាពបង្ហាញអំពីរបៀបរបបការងារថ្មីរបស់ WB ក្នុងស្មារតីគោរពភាពជាម្ចាស់ និងភាពទុកចិត្តទៅលើកិច្ចអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាល ដែលនឹងនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ជូនប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។

ថ្លែងក្នុងកិច្ចប្រជុំវិបស្សនានេះ លោករដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា កិច្ចវិបស្សនាថ្ងៃនេះ ត្រូវបានរៀបចំឡើងទាន់ពេលវេលា និងផ្តល់ឱកាសគ្រប់គ្រាន់ សម្រាប់រាជរដ្ឋាភិបាល និងធនាគារពិភពលោក ដើម្បីពិភាក្សា និងរៀបចំផែនការប្រតិបត្ដិការរួមជាលក្ខណៈយុទ្ធសាស្រ្ត ក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងកម្ពុជា និង WB សម្រាប់រយៈពេល មធ្យម ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអាទិភាព ចំនួន ០៣ គឺ៖ (១) ការពង្រឹងពាណិជ្ជកម្ម, បច្ចេកវិទ្យា និងភាពប្រកួតប្រជែង ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន, (២) ការអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីជំរុញការអភិវឌ្ឍ មនុស្ស និង (៣) ការគ្រប់គ្រងធនធានធម្មជាតិ និងនគរូបនីយកម្ម ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ វិស័យអាទិភាព ដែលរៀបចំឡើង និងបានដាក់ឱ្យនៅក្នុងកិច្ចពិភាក្សានេះ គឺអនុលោមតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤, ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងតម្រូវអាទិភាពរបស់កម្ពុជាផងដែរ។

ទន្ទឹមនេះ លោករដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបអង្គប្រជុំថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលចិន កម្ពុជាកំពុងរៀបចំផែនការមេសម្រាប់គម្រោងប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយនៅកម្ពុជា ហើយគ្រោងនឹងបញ្ចប់ការរៀបចំនេះ នៅពាក់កណ្តាល ឆ្នាំ២០២០ ខាងមុខនេះ។ ក្នុងការជ្រើសរើសគម្រោងវិនិយោគសាធារណៈ ក្រោមហិរញ្ញប្បទានរបស់ WB គឺត្រូវផ្អែកលើក្របខ័ណ្ឌយុទ្ធសាស្រ្ដអភិវឌ្ឍន៍តាមវិស័យរយៈពេលវែង ហើយនឹងត្រូវបញ្ចូលទៅក្នុងផែនការវិនិយោគសាធារណៈ។

សម្រាប់វិស័យណាដែលមិនទាន់មានផែនការមេ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យ WB ផ្តល់ការគាំទ្រដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្ដអភិវឌ្ឍន៍ រយៈពេលមធ្យម ដែលអាចសម្របសម្រួលដល់ការជ្រើសរើសគម្រោងវិនិយោគសាធារណៈ ដែលហិរញ្ញប្បទានដោយ WB ក្រោមក្របខ័ណ្ឌ CPF ឆ្នាំ២០១៩-២០២៣ ហើយការជ្រើសរើសគម្រោងវិនិយោគសាធារណៈនីមួយៗ ត្រូវពិនិត្យលើការប្រើប្រាស់បច្ចេក- វិទ្យា (Technological Mainstream) ដែលកន្លងមករាជរដ្ឋាភិបាលបានអនុវត្តកិច្ចការនេះ ជាមួយដៃគូអភិវឌ្ឍន៍ផេ្សង ទៀតផងដែរ។ រដ្ឋលេខាធិការប្រចាំការក៏បានលើកឡើងអំពីបញ្ហាទាក់ទង Readiness របស់គម្រោងផងដែរ ដែលឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានស្នើថា របៀបរបបនៃការអនុវត្តគម្រោងរបស់យើងបច្ចុប្បន្ន គឺមិនអាចអនុវត្ត តាមអភិក្រមចាស់បានទៀតទេ យើងត្រូវតែអនុវត្តតាមរបៀបរបបថ្មី ដោយប្រើប្រាស់ពេលវេលាខ្លីជាងមុន និងរហ័សជាងមុន និងឆាប់បានផ្លែផ្កា។

ជាទីបញ្ចប់ រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ WB ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍នានានៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេចឱ្យបាននូវចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០១៩ នេះ WB បានផ្តល់ហិរញ្ញប្បទានសហ- ប្រតិបត្តិការ សម្រាប់គម្រោង/កម្មវិធីសរុបចំនួន ៩៦ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ២ ប៊ីលានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានមានចំនួន ១ ៣៩១,៧៦ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៦៣២,៨១ លានដុល្លារអាមេរិក៕