(តាកែវ)៖ បន្ទាប់ពីបានចុះឆ្មក់បង្រ្កាបសិប្បកម្មកែច្នៃស្ករត្នោតក្លែងក្លាយចំនួន២ទីតាំង ស្ថិតនៅក្នុងឃុំកុមារាជា ស្រុកបាទី នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីជំនាញកាំកុងត្រូលខេត្តតាកែវ បានសម្រេចកសាងសំណុំរឿងដ៏រស៊ើបនេះ បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមច្បាប់។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងថា សិប្បកម្មកែច្នៃស្ករត្នោតក្លែងក្លាយមួយចំនួន នៅក្នុងស្រុកបាទីនេះ នៅតែបន្តផលិតដោយខុសច្បាប់ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អត្តសញ្ញាណរបស់ស្ករត្នោតខ្មែរយើង ដែលកំពុងតែទទួលបានការគាំទ្រពីអន្តរជាតិផងនោះ ដូច្នោះមន្រ្តីជំនាញសម្រេចកសាងសំណុំរឿងនេះបញ្ជូនទៅកាន់ តុលាការចាត់ការ ទៅតាមច្បាប់ដោយមិនមានការយោគយល់ទៀតទេ។

លោកប្រធានសាខាកាំកុងត្រូល បានថ្លែងបន្តថា ក្នុងការចុះឆ្មក់បង្រ្កាបទីតាំងសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ ពីរទីតាំងនៅស្រុកបាទីព្រឹកមិញនេះ មន្រ្តីជំនាញបានធ្វើការរឹបអូសសម្ភារបរិក្ខា ដែលបំរើដល់ការផលិតស្ករត្នោតក្លែងក្លាយនេះរួមមាន៖ ម៉ូទ័កូស្កចំនួន៦ ឆ្នាំងខ្ទះចំនួន២៣ ស្ករស២០បាវ ស្កត្នោតកន្លែងក្លាយដែលបំលែងហើយចំនួន៤ធុង និងធុងទទេចំនួន ៣៤ធុង។ សម្ភារទាំងអស់នេះ និងត្រូវយកតៅដុតកម្ទេចចោលនៅពេលខាងមុខនេះ៕