(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា (SECC) បានគូសបញ្ជាក់ថា រយៈពេល១០ខែ ពោលគិតត្រឹមខែតុលា ឆ្នាំ២០១៩នេះ ទំហំវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ បានកើនឡើងលើសពី១០០លានដុល្លារអាមេរិក។

ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួមក្នុងពិធីសម្ពោធ និងទទួលអាជ្ញាបណ្ណក្រុមហ៊ុនសមភាគីកណ្តាល របស់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ឯ.ក ក្រោមវត្ដមានឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីនោះ លោក ស៊ូ សុជាតិ បានឲ្យដឹងថា ឆ្លងតាមចក្ខុវិស័យច្បាស់លាស់ និងមាគ៌ាដឹកនាំត្រឹមត្រូវរបស់ គណៈកម្មការមូលបត្រកម្ពុជា ដែលមានលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជាប្រធានគណៈកម្មការមូលបត្រកម្ពុជា ទំហំវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទនេះ នៅក្នុងឆ្នាំ២០១៩ បានកើនឡើងគួរឲ្យកត់សម្គាល់។

លោក ស៊ូ សុជាតិ បានបញ្ជាក់ថា «ក្នុងអំឡុងឆ្នាំ២០១៧ ទំហំសាច់ប្រាក់ នៃការវិនិយោគមានត្រឹមប្រហែល៤លានដុល្លាអាមេរិកប៉ុណ្ណោះ។ ផ្ទុយទៅវិញក្នុងឆ្នាំ២០១៨ ទំហំនេះ បានកើនរហូតដល់៨២លានដុល្លាអាមេរិក គិតជាភាគរយប្រមាណ ២០០០%។ បន្ថែមពីនេះទៀត គិតត្រឹមខែតុលា ឆ្នាំ២០១៩នេះ ទំហំវិនិយោគនេះ បានកើនឡើងលើសពី១០០ លានដុល្លារអាមេរិកហើយ»

តាមរយៈការផ្តល់អាជ្ញាបណ្ណក្រមហ៊ុន សមភាគីកណ្តាលដល់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ដែលជាវេទិកាជួញដូរ មួយបន្ថែមទៀតក្នុងទីផ្សារ ឧបករណ៍និស្សន្ទកម្ពុជា លោក ស៊ូ សុជាតិ មានសង្ឃឹម និងរំពឹងយ៉ាងមុតមាំថា ទំហំសាច់ប្រាក់នៃការវិនិយោគក្នុងទីផ្សារនេះ នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត ក្នុងឆ្នាំ២០២០ខាងមុខ និងបន្តរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។

លោក ស៊ូ សុជាតិ ជឿជាក់ថា ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ឯ.ក នឹងបន្តគោរព និងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន នូវលក្ខខណ្ឌអាជ្ញាបណ្ណ ក៏ដូចជា លក្ខខណ្ឌតម្រូវពាក់ព័ន្ធផ្សេងៗ ដែលចេញដោយគណៈកម្មការ មូលបត្រកម្ពុជា ដែលជានិយ័តករក្នុងវិស័យ មូលបត្រទាំងមូល ព្រមទាំងអាចទាក់ទាញនូវទំនុកចិត្ត ពីវិនិយោគិនដែលជាចំណុចគន្លឹះ ឈានទៅរកភាពជោគជ័យ នៃការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។

លោក សាន ចាន់កុម្ភៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង (GLX) បានថ្លែងថា អាជីវកម្មឈ្មួញជើងសារឧបករណ៍និស្សន្ទ បាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា។ ហេតុនេះហើយវត្តមាន របស់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង គឺស័ក្តិសមបំផុត ដើម្បីបង្កើតទំនាក់ទំនងមិត្តភាពរវាងវិនិយោគិន ឲ្យកាន់តែស្និទ្ធស្នាល និងផ្តល់សេវាកម្មដល់អតិថិជន និងដៃគូពាណិជ្ជកម្ម ឲ្យកាន់តែប្រសើរឡើង។

លោក សាន ចាន់កុម្ភៈ បន្ដទៀតថា ទាំងនេះ អាចជួយជំរុញឲ្យទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាការជួញដូរឧបករណ៍និស្សន្ទ នៅក្នុងវិស័យមូលបត្រនៅប្រទេសកម្ពុជា កាន់តែរីកចម្រើនឡើង គ្រប់គ្រងហានិភ័យ សម្រាប់អ្នកចូលរួមទីផ្សារ រួមទាំងផ្តល់ភាពងាយសួល និងតម្លាភាពនៃពាណិជ្ជកម្ម។

លោកនាយកប្រតិបត្តិ បានបន្ថែមថា GLX ពិតជាមានមោទនភាពជាខ្លាំង ដែលបានទទួលបានការអនុញ្ញាតឲ្យប្រកបអាជីវកម្ម ជាក្រុមហ៊ុនសមភាគីកណ្តាលមួយ ក្នុងចំណោមក្រុមហ៊ុនទាំង៥ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការគាំទ្រ ដល់ក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ ដែលមានស្រាប់ និងក្រុមហ៊ុនដែលបង្កើតថ្មីៗ។

លោក សាន ចាន់កុម្ភៈ បានគូសបញ្ជាក់ថា ចក្ខុវិស័យតែមួយគត់របស់ GLX គឺប្រែក្លាយទីផ្សារហិរញ្ញវត្ថុធំបំផុត របស់ពិភពលោកតាមរយៈការដំណើរការ ប្រកបដោយទំនុកចិត្តខ្ពស់ តម្លាភាព ច្បាស់លាស់ និងត្រឹមត្រូវ។ GLX នឹងបន្តនាំយកនូវបច្ចេកវិទ្យាថ្មីៗ ដែលអាចទ្រទ្រង់ដល់អាជីវកម្ម ឈ្មួញជើងសារឧបករណ៍និស្សន្ទ និងអតិថិជនជាដៃគូ។

សូមជម្រាបថា ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ឯ.ក គឺជាក្រុមហ៊ុនទី៥ ដែលទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនសមភាគីកណ្ដាល ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក)។ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ហៅកាត់ថា (GLX) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ B.I.C Group៕