(ភ្នំពេញ)៖ ជំនួយជាង ២២លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលជប៉ុន នឹងជួយដល់ប្រជាពលរដ្ឋកម្ពុជា ២៥៧គ្រួសារ ក្នុងខេត្តពោធិ៍សាត់ ឲ្យមានទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ នេះជាការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើឡើងក្នុងឱកាសដែលលោក និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ២.៤០៥.០០០.០០០យ៉េន (ជាង២២លានដុល្លារអាមេរិក) សម្រាប់អនុវត្តន៍គម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់» នៅទីស្ដីការក្រសួងការបរទេស នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គម្រោងដែលបានចុះហត្ថលេខាថ្ងៃនេះ គឺដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលអាចផ្គត់ផ្គង់ទឹកស្អាតចំណុះ ៦៦០០ម៉ែត្រគូបក្នុង១ថ្ងៃ និងតបណ្តាញប្រវែង ៨៥,៥គីឡូម៉ែត្រ ចូលផ្ទះគ្រួសារពលរដ្ឋក្រីក្រប្រមាណ ២៥៧គ្រួសារ ក្នុងខេត្តពោធិ៍សាត់»។ លោកបានបន្តថា ដំណើរការសាងសង់ ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២២។

លោកបានរំលឹកថា សម្រាប់ឆ្នាំសារពើពន្ធជប៉ុន (គិតពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជាសរុបចំនួន ៣.៨១៦លានយ៉េន ស្មើនឹងប្រមាណ ៣៤,៥លានដុល្លារអាមេរិក (ដោយពុំទាន់រាប់បញ្ចូលគម្រោង ដែលបានចុះហត្ថលេខានៅថ្ងៃនេះ) សម្រាប់អនុវត្តន៍គម្រោង៤ ដូចខាងក្រោម៖
១៖ សាងសង់ឃ្លាំង Container Freight Station នៅតំបន់សេដ្ឋកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ
២៖ អាហាររូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស
៣៖ ផ្តល់គ្រឿងចក្រ Stabilizer សម្រាប់ជួសជុលផ្លូវថ្នល់នៅកម្ពុជា និង
៤៖ អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ ប្រមុខការទូតកម្ពុជា ក៏បានអរគុណលោក MIKAMI Masahiro មន្ត្រីបុគ្គលិកស្ថានទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានខិតខំយ៉ាងសកម្ម ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា និងជប៉ុន ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូតជប៉ុន មិកាមិ បានលើកឡើងថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទឹកស្អាត។ លោកបន្តទៀត ជប៉ុននឹងបន្តជួយដល់កម្ពុជាជានិច្ច៕