(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផែនសណ្តាប់ធ្នាប់ចរាចរណ៍ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ពីផែនការ របស់នគរបាលជាតិ ក្នុងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់តាមភ្លើងស្តុប ក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹកការអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយនឹងផាកពិន័យដល់ផ្ទះ ចំពោះអ្នកដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចតល្មើសច្បាប់ជាដើម។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល១០ ខែនារសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបានលើកឡើងយ៉ាងដូច្នេះថា «ការបំពាក់ឧបករណ៍កាមេរ៉ាសុវត្ថិភាព នៅក្នុងរាជធានីភ្នំពេញ គឺប្រើប្រាស់បច្ចេកទេសបានយ៉ាងល្អ ហើយនៅភ្នំពេញនឹងឈានដល់ការពិន័យ តាមរយៈការប្រើប្រាស់កាមេរ៉ានេះ ចំពោះអ្នកមិនគោរពភ្លើងសញ្ញាតាមដងផ្លូវ និងចតខុស គឺអាចធ្វើការផាកពិន័យ ដោយថតយកលេខរថយន្តបាន [ស្លាកលេខរថយន្ត] ស្រាវជ្រាវរកអត្តសញ្ញាណដល់ផ្ទះ»

ជាមួយគ្នានេះ លោកក៏បានព្រមានផ្សាយរិះគន់តាម Facebook ចំពោះអ្នកដែលទទួលពិន័យការបើកបរ មិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចតមិនគោរពច្បាប់ជាដើម ដែលការធ្វើបែបនេះដើម្បីពញាក់ស្មារតី ឲ្យអ្នកប្រព្រឹត្តកំហុសនោះ ឲ្យចេះខ្មាសអៀន និងកែទម្លាប់មកចេះគោរពច្បាប់។

យ៉ាងណាក៏ដោយគេនៅបារម្ភថា ផែនការរបស់នគរបាលនេះ អាចនឹងពិបាកទទួលបានជោគជ័យ ដោយសារតែនៅពេលបច្ចុប្បន្ននេះ មានរថយន្តមួយចំនួនធំ ដែលចរាចរណ៍តាមដងផ្លូវ មិនទាន់បានកាត់ឈ្មោះពីម្ចាស់ដើម មកអ្នកកាន់កាប់ផ្ទាល់ត្រឹមត្រូវនៅឡើយ ឬរថយន្តខ្លះមានអាស័យដ្ឋានមិនច្បាស់លាស់ ដែលជាហេតុនៅពេលនគរបាល ធ្វើការផាកពិន័យតាមស្លាកលេខរថយន្ត មិនចំអ្នកប្រព្រឹត្ត បែបជាចំម្ចាស់ដើម ដែលមិនបានដឹងអីទៅវិញ៕