(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញបើកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រសួងស្ថាប័នចំនួន២៥ ដែលពាក់ព័ន្ធលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

សេចក្តីព្រាងផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តន៍បន្ត នូវរាល់សកម្មភាពទាំងឡាយ ដែលកំពុងអនុវត្ត និងសកម្មភាពដែលពុំទាន់បានអនុវត្តក្នុងផែនការជាតិ ៣ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦-២០១៨ ជាពិសេសកម្មវិធីថ្មីៗ មួយចំនួនដែលឆ្លើយតបទៅនឹងសភាពការណ៍វិវត្ត នៃគ្រឿងញៀន ទាំងនៅក្នុងប្រទេសក្នុងអនុតំបន់ ក្នុងតំបន់ និងទៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

សេចក្តីព្រាងផែនការជាតិ ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ បានរៀបចំ និងតាក់តែងឡើងអស់រយៈពេលជាច្រើនខែ ដោយអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានធ្វើការប្រជុំពិភាក្សាជាច្រើនលើកច្រើនសារ ហើយការតាក់តែង សេចក្តីព្រាងផែនការជាតិនេះ គឺពឹងផ្អែកទៅលើឯកសារយោងជាច្រើន ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាង ផែនការជាតិនេះ។

បន្ទាប់ពីសេចក្តីព្រាងផែនការ នេះលេចចេញជារូបរាង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការប្រជុំពិភាក្សា និងផ្តល់យោបល់ទៅលើសេចក្តីព្រាងផែនការ ជាតិ៥ឆ្នាំ ស្តីពីការត្រួតពិទិត្យគ្រឿងញៀន៕