(ព្រះវិហារ)៖ សហគមន៍កសិករផលិតស្រូវសរីរាង្គ នៅក្នុងខេត្តព្រះវិហារ បានសម្ដែងការត្រេកអរ និងរីករាយយ៉ាងខ្លាំង ដែលបានសហការជាមួយក្រុមហ៊ុននាំចេញអង្ករ ក៏ព្រោះតែឆ្នាំនេះការប្រមូលផលស្រូវ ទទួលបានទិន្នផលល្អប្រសើរ ចំណែកឯតម្លៃទទួលបានជាទីគាប់ចិត្ត។

លោក សំបូរ ប្រធានសហគមន៍កសិកម្មរក្សាស្ទឹងសែនមានជ័យ ក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ បាននិយាយថា ក្នុងឆ្នាំ២០១៩នេះសហគមន៍មានកសិករចំនួន២២៧នាក់ មានផ្ទៃដី៧៧៤ហិកតា បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គលក់ជូនក្រុមហ៊ុន Amru Rice លើបរិមាណស្រូវចំនួន១,៣១៥តោន ក្នុងឆ្នាំ២០១៩នេះ។ គិតមកត្រឹមដើមសប្ដាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សហគមន៍លក់ស្រូវសិរីរាង្គ ជូនក្រុមហ៊ុនបានជិត៥០%ហើយ។

លោកបានឲ្យដឹងថា «កន្លងមកសហគមន៍យើងខ្ញុំ បានបញ្ចេញស្រូវសើមបាន៣០០តោន ហើយថ្មីៗនេះបានបញ្ចេញស្រូវស្ងួតបាន៤០០តោន ក្នុងតម្លៃទិន្និផលគម្រោង Amru Rice ដាក់តម្លៃឲ្យនេះបានធ្វើឲ្យទាំងខ្ញុំ និងកសិករអាចទទួលយកបាន»

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារបានឲ្យដឹងថា នៅឆ្នាំ២០១៩នេះ ទូទាំងខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន៣៤ បានចុះកិច្ចសន្យាសរីរាង្គ ជូនក្រុមហ៊ុនចំនួន៣ មានក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វអេស៊ា, ក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Golden Rice ដែលប្រជាសហគមន៍ទាំង៣៤ មានប្រមាណ៥៣១៤គ្រួសារ ដែលបានចុះកិច្ចសន្យាលក់ជូនក្រុមហ៊ុនទាំង៣នេះ ដែលលក់បរិមាណស្រូវប្រមាណ២ម៉ឺនតោន ហើយរហូតមកដល់ពេលនេះ សហគមន៍បានលក់ ជូនក្រុមហ៊ុនប្រមាណ៦០%ហើយ»។

លោកបានបញ្ជាក់ទៀតថា «បើធៀបតម្លៃជាមួយឈ្មួញកណ្ដាល ឃើញថាការលក់ឲ្យក្រុមហ៊ុនទាំង៣នេះ លើសតម្លៃចន្លោះពី ២០០-២៥០រៀលក្នុងមួយគីឡូ ដោយក្រុមហ៊ុនឲ្យតម្លៃថ្លៃជាងសម្រាប់ស្រូវសរីរាង្គ ដែលបានចុះកិច្ចសន្យា»។

លោកបន្ថែមថា ប្រជាពលរដ្ឋរីករាយជាខ្លាំង ដោយលក់ជូនក្រុមហ៊ុនសម្រាប់ស្រូវសើមលេខ១តម្លៃ១៣១០រៀលក្នុងមួយគីឡូក្រាម, ស្រូវសើមលេខ២ តម្លៃ១២៦០រៀលក្នុងមួយគីឡូក្រាម, ស្រូវស្រពាប់លេខ១តម្លៃ១៤៤០រៀលក្នុងមួយគីឡូ, ស្រូវស្រពាប់លេខ២តម្លៃ១៤១០រៀល ក្នុងមួយគីឡូក្រាម, ស្រូវស្ងួតលេខមួយតម្លៃ១៥៩០រៀលក្នុងមួយគីឡូក្រាម និងស្រូវស្ងួតលេខ២តម្លៃ១៤៩០រៀលក្នុងមួយគីឡូក្រាម៕