(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តសៀមរាប នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះទៅពិនិត្យផ្ទាល់នៅកន្លែងបាក់រលំប្លង់សេសាលាឆាន់ ក្នុងវត្តប្រាសាទគោកចក ក្រុងសៀមរាប ដែលបណ្តាលឲ្យស្លាប់ ៣នាក់ និងរបួស ១៣នាក់។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុ សម្តេចពិជ័យសេនា ទៀ បាញ់ បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសពទាំង ៣នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍នេះ និងសម្រាប់ជនរងគ្រោះដែលរងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្តេចពិជ័យសេនា បានណែនាំឲ្យអាជ្ញាធរ និងក្រុមគ្រូពេទ្យយកចិត្តព្យាបាលជនរងគ្រោះ ដែលរងរបួស ដើម្បីបានជាសះស្បើយត្រឡប់ទៅលំនៅដ្ឋាន។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឧបត្ថម្ភសម្រាប់ក្រុមគ្រួសារអ្នកស្លាប់ម្នាក់ ២លានរៀល និងអ្នករបួសម្នាក់ៗ ១លានរៀលផងដែរ។

សូមបញ្ជាក់ថា សម្រាប់ហេតុការណ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលសម្រាប់អ្នកស្លាប់ និង ៣លានរៀល សម្រាប់អ្នករងរបួស។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារ ជនរងគ្រោះទាំងអស់ ដែលបានរងគ្រោះក្នុងហេតុការណ៍ដ៏អកុសលនេះផងដែរ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ កើតមានហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ហេតុការណ៍នេះ បណ្តាលឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ១៣អង្គ/នាក់ រងរបួសធ្ងន់ស្រាល និង ៣នាក់បានស្លាប់បាត់បង់ជីវិត។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានពីរនាក់នៅក្នុងខេត្តសៀមរាប និងមួយនាក់មានលំនៅឋានក្នុងខេត្តព្រៃវែង។ សពជនរងគ្រោះត្រូវបានអាជ្ញាធរចាត់ចែងដឹកទៅកាន់លំនៅឋាន ហើយរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី៕