(សៀមរាប)៖ យ៉ាងហោចណាស់មានមនុស្សចាស់ក្មេងចំនួន ២៨នាក់ នៅឃុំចំនួន២ ក្នុងស្រុកពួក ខេត្តសៀមរាប បានពុលត្រីប្រៃកំពិស ដែលពួកគាត់ទិញពីផ្សារ មកធ្វើម្ហូប ស្រាប់តែកើតមានអាការៈពុលក្អួតចង្អោរ តែមិនធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតនោះទេ។ ភ្លាមៗត្រូវបានសមត្ថកិច្ចអន្តរាមន៍យកទៅព្យាបាលនៅមណ្ឌលសុខភាព និងគ្លីនិចឯកជន។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ករណីពុលត្រីប្រៃកំពិលនេះ បានកើតឡើងនៅអំឡុងម៉ោងប្រមាណ ១៦៖២០នាទី នាល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ ដែលជនរងគ្រោះ មានអាយុចាប់ពី៥ឆ្នាំ ដល់អាយុ ៦៨ឆ្នាំ នៅពីរឃុំ ក្នុងស្រុកពួក គឺឃុំពួក និងឃុំខ្នាត។

ករណីពុលនេះ មានមនុស្សរងគ្រោះនៅក្នុងឃុំពួក មានចំនួន ២១នាក់ រួមមាន៖ ភូមិប្រយុទ្ធ ចំនួន១៣នាក់ ក្នុងនោះស្រីចំនួន០៦នាក់, ភូមិគោក ស្រុកចំនួន០៥នាក់ ស្រីទាំងអស់, ភូមិកំពង់តាយ៉ងចំនួន ០១នាក់ និងភូមិចំបក់ហែ ចំនួន០២នាក់ ក្នុងនោះស្រីចំនួន០១នាក់ និងភូមិគោកត្រាច ក្នុងឃុំខ្នាត ចំនួន ០៧នាក់ ក្នុងនោះស្រីចំនួន ០៣នាក់។

តាមដំណើររឿង ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីប្រជាពលរដ្ឋបានទិញត្រីប្រៃកំពិស ទៅធ្វើម្ហូបហូបជាមួយបាយ និងក្រោយការហូបត្រីប្រៃកំពិសមក ក៏កើតមានអាការៈពុលក្អួតចង្អោរ ក៏បានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មន្ទីរពេទ្យបង្អែកពួក, មណ្ឌលសុខភាពទឹកវិល, មណ្ឌលសុខភាពខ្នាត, នៅគ្លីនិចឯកជន និងអ្នកជំងឺមួយចំនួនបានសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន។

សមត្ថកិច្ចបានបន្ថែមទៀតថា អ្នកផលិតត្រីប្រៃកំពិស មានឈ្មោះ ប៊ូ នឿម ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិគោកជួន ឃុំពួក ស្រុកពួក ជាអ្នកធ្វើត្រីប្រៃលក់ផ្សារពួក ជាអចិន្ត្រៃយ៍ ហើយករណីនេះសមត្ថកិច្ច និងមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕