(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឃើញបណ្តាប្រទេសនិយាយភាសាបារាំងទាំងអស់ គួរពិនិត្យឱ្យបានជាក់លាក់លើគម្រោងមួយចំនួនដែលត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ជាពិសេសសម្តេច ចង់ឱ្យប្រទេសនិយាយភាសាបារាំងនេះ លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នា ព្រោះទំនាក់ទំនងនយោបាយផ្តើមឡើងពីទំនាក់ទំនងសេដ្ឋកិច្ច។

ការចង់ឃើញមានការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសនិយាយភាសាបារាំងបានធ្វើឡើង ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសនិយាយភាសាបារាំង។

លោកស្រី បានបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រីចូលរួមក្នុងសន្និបាតអភិបាលក្រុងប្រទេសនិយាយភាសាបារាំងនេះ ក្នុងបំណងជំរុញទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី ឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង និងជំរុញនូវគម្រោងទាំងឡាយមានភាពជាក់លាក់ថែមទៀត។

ក្នុងជំនួបនេះលោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានស្នើកម្ពុជាចូលរួមអនុវត្តន៍គម្រោងដែលមានភាពជាក់លាក់មួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងប្រទេសនិយាយភាសាបារាំង មានដូចជាការលើកស្ទួយការបង្រៀនភាសាបារាំង, លើកស្ទួយពាណិជ្ជកម្មរវាងប្រទេសនិយាយភាសាបារាំង និងរៀបចំខួប៥០ឆ្នាំនៃការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំងនៅឆ្នាំ២០២០ជាដើម។

ក្នុងនាមជាប្រទេសស្ថាបនិកបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំងដែរនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជានឹងបន្តធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងក្របខណ្ឌអង្គការអន្តរជាតិនិយាយភាសាបារាំងនេះ។ កម្ពុជា ក៏នឹងចូលរួមរៀបចំខួប៥០ឆ្នាំនៃការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំងនេះនៅឆ្នាំក្រោយផងដែរ។ កម្ពុជា អាចនឹងរៀបចំឱ្យនិស្សិតកម្ពុជារៀនភាសាបារាំង នៅប្រទេសបារាំង ធ្វើសកម្មភាពផ្សេងៗ ដើម្បីអបអរសាទរខួប៥០ឆ្នាំនេះ។

នៅក្នុងជំនួបសំណេះសំណាលនាព្រឹកមិញនេះ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ក៏បានអបអរសាទរចំពោះកម្ពុជាផងដែរ ដែលបានប្រែក្លាយពីប្រទេសធ្លាប់តែទទួលជំនួយពីអង្គការសហប្រជាជាតិជួយរកសុខសន្តិភាព ទៅជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោយឆ័ត្រអង្គការសហប្រជាជាតិទៅជួយប្រទេសជួបវិបត្តិដោយភ្លើងសង្គ្រាមវិញ។

លោកស្រី បានលើកទឹកចិត្តកម្ពុជាចូលរួមឱ្យកាន់តែខ្លាំងឡើងថែមទៀត ក្នុងកិច្ចប្រតិបត្តិការថែរក្សាសុខសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន, លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី ៥ ខែធ្នូ ឆ្នាំ២០១៩។

ដំណើរទស្សនកិច្ចផ្លូវការនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ក្នុងគោលដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអង្គការ OIF បន្ទាប់ពីលោកស្រីចូលកាន់តំណែងជាអគ្គលេខាធិការកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩មក។

នៅក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ លោកស្រីអគ្គលេខាធិការ នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ជួបសម្តែងការគួរសមចំពោះសម្តេចជោ ហ៊ុន សែន និងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកស្រី ក៏នឹងជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះលោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញទៅកាន់ខេត្តសៀមរាបផងដែរ។ លោកស្រីអគ្គលេខាធិការនឹងទទួលស្វាគមន៍ដោយអភិបាលខេត្តសៀមរាប លោក ទៀ សីហា និងអញ្ជើញទស្សនាប្រាង្គប្រាសាទអង្គរ។

លោកស្រី ក៏នឹងចូលរួមក្នុងសិក្ខាសាលាតំបន់ស្តីពីសកម្មភាពស្រាវជ្រាវ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលតំបន់ហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CREFAP) និងក្រសួងអប់រំ យុវជន និង កីឡា ផងដែរ និងទស្សនាថ្នាក់រៀនពីរភាសានៃសាលាបឋមសិក្សាវត្តបូផងដែរ។

សូមបញ្ជាក់ដែរថា អង្គការ OIF ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧០ ដោយបិតាស្ថាបិកចំនួន ៤រូប គឺលោក Léopold Sédar Senghor ប្រមុខរដ្ឋប្រទេសសេណេហ្កាល់ លោក Habib Bourguiba ប្រមុខរដ្ឋប្រទេសទុយនីស៊ី លោក Hamani Diori ប្រមុខរដ្ឋប្រទេសនីហ្សេ និង ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៃប្រទេសកម្ពុជា ។

នាពេលបច្ចុប្បន្ន អង្គការ OIF បានក្លាយជាអង្គការអន្តររដ្ឋាភិបាលដ៏ធំមួយនៅក្នុងពិភពលោក (បន្ទាប់ពីអង្គការសហប្រជាជាតិ) មានរដ្ឋ និងរដ្ឋាភិបាលសមាជិកសរុបចំនួន៨៨ (សមាជិកពេញសិទ្ធិចំនួន ៥៤ មិនពេញសិទ្ធិ ចំនួន ៧ និងសមាជិកសង្កេតការណ៍ចំនួន ២៧)៕