(កណ្ដាល)៖ ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានដាស់តឿនលោកអធិការក្រុងតាខ្មៅ ទើបឡើងមកកាន់តំណែង ត្រូវខិតខំដឹកនាំកងកម្លាំង ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់, សូមចាំថា នគរបាលជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋនោះទេ។

ការដាស់តឿនបែបនេះ របស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានធ្វើឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល លោកឧត្តមសេនីយ៍ទោ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង អធិការនគរបាលក្រុងតាខ្មៅ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

លោកវរសេនីយ៍ទោ យី វណ្ណដា អត្តលេខ៦៥៦៥៧ ពីនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ត្រូវបានឡើងកាន់តំណែងជាអធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

លោកបានប្ដេជ្ញាថានឹងធ្វើល្អឲ្យបានល្អជូនជាតិ បំរើប្រជាពលរដ្ឋ អនុវត្តន៍ឱ្យបានល្អនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ពិសេសបង្ក្រាបឱ្យបាននូវ ទីតាំងបទល្មើសនានាដូចជា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទីតាំងទទួលបញ្ចាំខុសច្បាប់ ទីតាំងបំរើសេវាផ្លូវភេទខុសច្បាប់ បង្ក្រាបក្មេងទំនើង បញ្ហាចរាចរណ៍ និងបញ្ហាសង្គមនានាផ្សេងទៀត៕