(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំបើកកិច្ចប្រជុំបូកសរុបវាយតម្លៃ និងលើកទិសដៅការងារ វិស័យធនធានទឹក និងឧតុនិយម ដោយមានការឡើងធ្វើបទបង្ហាញពីគ្រប់បណ្តាមន្ទីរធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំទទួលបន្ទុក តាមមុខព្រួញរាជធានី-ខេត្ត។

កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។

លោករដ្ឋមន្រ្តី លឹម គានហោ បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណងទី១៖ ធ្វើការត្រួតពិនិត្យស្ថានភាពពាក់ព័ន្ធនឹងទឹក ទាំងទឹកភ្លៀង និងទឹកទន្លេ ពីបរិមាណ និងពេលវេលា ដោយធ្វើការប្រៀបធៀបឆ្នាំចាស់ និងមធ្យមភាគច្រើនឆ្នាំ, ទី២៖ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០១៩ តើមានការខូចខាត និងប៉ះពាល់ប៉ុន្មាន នៅទីតាំងណាខ្លះ និងការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០១៩-២០២០ ដោយពិនិត្យលើស្ថានភាពទឹកជាក់ស្តែង និងមានវិធានការយ៉ាងណានៅពេលជួបការខ្វះខាតទឹក, ទី៣៖ បណ្តាវិធានការដែលក្រសួងបាន និងកំពុងអនុវត្តនាពេលកន្លងមក, ទី៤៖ មូលហេតុអ្វីបានជាបណ្តារាជធានី ខេត្តមួយចំនួនផ្ទៃដីបង្កបង្កើនផល ត្រូវបានបាត់បង់ ឬរួមតូច បណ្តាលមកពីអ្វី? និងទី៥៖ ការត្រួតពិនិត្យលំអិតបន្ថែមពាក់ព័ន្ធនឹងការរៀបចំនូវផែនទី ស្តីពីទឹកជំនន់ (Flood Mapping)៕