(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសំណេះសំណាល សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភាកម្ពុជា។

បន្ទាប់ពីបានមកកាន់តំណែងក្នុងប្រទេសកម្ពុជា លោកស្រី Carmen Moreno ក៏បានជួបជាមួយឥស្សរជនកម្ពុជាមួយចំនួនផងដែរ ក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជាដើម។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោកស្រី កាមែន ម៉ូរីណូ បានអះអាងថា សហភាពអឺរ៉ុប នឹងបន្តធ្វើជាដៃគូដ៏ស្អិតល្មួតជាមួយនឹងកម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយចេរភាព៕