(សៀមរាប)៖ តុល្យការគិតត្រឹមនៅវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មនុស្ស ១៥នាក់ហើយ ត្រូវបានជួយសង្គ្រោះចេញពីគំនរសាលាឆាន់ ដែលបានបាក់រលំពេលកំពុង សាងសង់ នៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប ក្នុងនោះ២នាក់បានស្លាប់បាត់បង់ជីវិត។

ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា រហូតមកដល់ពេលនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានជួយសង្គ្រោះជនរងគ្រោះ ១៥នាក់ ប៉ុន្ដែអកុសលជនរងគ្រោះ២នាក់បានបាត់បង់ជីវិត។

បើទោះបីជាប់បេសកកម្មនៅប្រទេសវៀតណាមក៏ពិតមែន ប៉ុន្ដែទេសរដ្ឋមន្ដ្រី គន់ គីម បានអះអាងថា លោកបានបញ្ជាទៅមន្ដ្រីក្រោមឱវាទ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ យកគ្រឿងយកចក្រ និងឧបករណ៍ ដើម្បីជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់។ ដោយឡែកប្រតិបត្តិការនៅកន្លែងកើតហេតុ កំពុងតែបន្ដដដែលដើម្បីយកមនុស្ស ដែលជាប់នៅខាងក្រោមនេះបន្ដទៀត។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏បានបញ្ជាក់ផងដែរថា ជនរងគ្រោះត្រូវបានជួយសង្គ្រោះបាន ១៥នាក់ ប៉ុន្តែ២នាក់បានស្លាប់។

សម្រាប់ជនរងគ្រោះ ២នាក់ ដែលបានស្លាប់ ទី១៖ឈ្មោះ លី សំណាង ភេទប្រុស អាយុ២៥ឆ្នាំ និងទី២៖ឈ្មោះ យិន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ។

ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តសៀមរាប ដែលបានដឹកនាំបញ្ជាកងកម្លាំងប្រដាប់អាវុធ សហការជាមួយប្រជាពលរដ្ឋធ្វើការជួយសង្គ្រោះដល់ជនរងគ្រោះយ៉ាងសស្រាក់សស្រាំង តាំងពីពេលកើតហេតុដំបូងរហូតមកដល់ពេលនេះ។ ជាមួយគ្នានេះ ក្រុមជួយសង្គ្រោះ៧១១ នៃកងពលតូចថ្មើរជើងលេខ៧០ (ផ្នែករុករក និងជួយសង្គ្រោះ ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗផងដែរ ដើម្បីអន្តរាគមន៍។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៧០ បានប្រាប់បណ្តាញព័ត៌មាន Fresh News។

សូមជម្រាបថា នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់ស្រុតសាលាឆាន់កម្ពស់៨ម៉ែត្រ ទំហំ៣០ម៉ែត្រ គុណ២០ម៉ែត្រដែលកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យសង្កត់មនុស្ស២០នាក់។

សេចក្ដីរាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ហើយយកបានមនុស្សចេញពីគំនរសាលាឆាន់៕