(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោកស្រី កាមែន ម៉ូរីណូ (Carmen Moreno) បានថ្លែងអះអាងថា សហភាពអឺរ៉ុប នឹងបន្តធ្វើជាដៃគូដ៏ស្អិតល្មួតជាមួយនឹងកម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយចេរភាព។

ការបញ្ជាក់របស់លោកស្រី កាមែន ម៉ូរីណូ បានធ្វើឡើងក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសំដែងការភ្ញាក់ផ្អើល និងអបអរសាទរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរបស់កម្ពុជា។ លោកបានលើកឡើងថា កម្ពុជា មានការអភិវឌ្ឍ និងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព លើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រង ធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាពជាដើម។

លោកស្រី បានលើកឡើងទៀតថា សមិទ្ធផលដែលកម្ពុជាកំពុងមាននេះ គឺទទួលបានមកពីសុខសន្តិភាព និងស្ថេរភាព។ សុខសន្តិភាពស្ថេរភាពនេះ គឺជាមូលដ្ឋានចាំបាច់សម្រាប់អនាគតកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។

លោកស្រី បានសង្កត់ធ្ងន់ថា លោកស្រីពិតជាមានមោទនភាពក្នុងការបន្តជាដៃគូរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ ជូនចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណនូវអ្វីដែលលោកស្រីបានលើកឡើង។ សម្តេចតេជោ បានគូសបញ្ជាក់ថា អ្វីដែលលោកស្រីបានលើកឡើង គឺជាមូលដ្ឋានមួយ ដែលកម្ពុជា និងសហភាពអឺរុប អាចបន្តធ្វើការរួមគ្នា ពង្រឹងទំនាក់ទំនងជាមួយគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលបានជួយកម្ពុជា ជាពិសេសក្នុងការកាត់ទោសអតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម។ សម្តេចតេជោ បានស្នើទៅលោកស្រីឯកអគ្គរដ្ឋទូត ពិចារណាប្រើមូលដ្ឋាន ដែលបានសហការគ្នាកន្លងមកបន្តទៅទៀត ដើម្បីស្វែងរកនូវអ្វី ដែលអាចធ្វើការរួមគ្នាបន្តទៀត ក្នុងន័យជាដៃគូផង និងពង្រឹងពង្រីកទំនាក់ទំនង រវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង៕