(ភ្នំពេញ)៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពចតុមុខ មានរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍-ជំងឺអេដស៍» ក្រោមអធិបតីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយមានការអញ្ជើញចូលួមពីតំណាងកាកបាទក្រហម ក្រសួង ស្ថាប័នជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យុវជនកាយរឹទ្ធិ កាកបាទក្រហម តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យប្រចាំរាជធានីភ្នំពេញ តំណាងកងកម្លាំងទាំង៣ប្រភេទសរុបជាង ៤០០នាក់។

ក្នុងចំណាប់អារម្មណ៍របស់តំណាងអ្នករស់នៅជាមួយមេរោគអេដស៍តំណាងសង្គមស៊ីវិល និងតំណាងអង្គសហប្រជាជាតិប្រចាំកម្ពុជាសុទ្ធតែបានលើកឡើងពីបទពិសោធន៍ជីវិត និងភាពជោគជ័យលើបញ្ហាប្រយុទ្ធនឹងជំងឺអេដស៍ ដោយបានសំណូមពរឲ្យរាជរដ្ឋាភិបាល ដៃគូបន្តគាំទ្រការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។

ទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានស្នើសុំឲ្យចាត់អ្នកផ្ទុកមេរោគអេដស៍-ជំងឺអេដស៍ គឺជាជនរងគ្រោះដែលធ្លាប់បានជួយចូលរួមចំណែកក្នុងការងារកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យទទួលបានការរីកចម្រើន ហើយរាល់ការឆ្លើយតបនិងមេរោគអេដស៍-ជំងឺអេដស៍ទាំងអស់ត្រូវឈរលើគោលការណ៍សមធម៌ សមភាពយេនឌ័រ និងសិទ្ធិមនុស្ស។ តាមការសិក្សាតាមបែបវិទ្យាសាស្រ្ត នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៣.០០០នាក់។

លោកស្រី ឃួន សុដារី បានអានសារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាថ្នាក់ដឹកនាំប្រចាំតំបន់អាស៊ី ប៉ាស៊ីភិចឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ នៅកម្ពុជា និងការអភិវឌ្ឍនៅកម្ពុជា ដោយបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍេជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនាបន្តចូលរួមគាំទ្រអនុវត្តម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ពហុវិស័យឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍លើកទី៥ សម្រាប់ឆ្នាំ២០១៩-២០២៣។

ក្នុងឱកាសនោះក្នុងនាមសម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ថា កម្ពុជាកំពុងតែស្ថិតនៅលើផ្លូវត្រូវ ដើម្បីឈានទៅរកការលុបបំបាត់មេរោគអេដស៍ ជំងឺអេដស៍ «គោលដៅ ៩៥ ៩៥ ៩៥» ដូចបានកំណត់ ត្រឹមឆ្នាំ២០២៥ នៅក្នុងប្រទេសយើង និងនៅត្រឹមឆ្នាំ២០៣០ ដោយអង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានសូមចូលរួមផ្តល់នូវសារមួយចំនួនជូនជនរួមជាតិដូចខាងក្រោម៖

*ទី១ ៖ ចូលរួមអនុវត្តដោយម៉ឺងម៉ាត់ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣
*ទី២ ៖ សូមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពបន្ត និងពង្រីកការផ្តល់ថវិកាសម្រាប់ការងារអេដស៍ និងសូមក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត នូវវិធានការទាំងប្រាំមួយ
*ទី៣ ៖ សូមក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្រុក ខណ្ឌ ជាពិសេសឃុំ-សង្កាត់ ត្រូវតែរៀបចំផែនការសកម្មភាព និងលើកសេចក្តីព្រាងថវិកា ដើម្បីបង្កើនការចូលរួមឆ្លើយតបគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលាទៅនឹងការរាលដាលមេរោគអេដស៍របស់ខ្លួន
*ទី៤ ៖ សូមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជាលើការងារឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ជាមួយនេះត្រូវពង្រឹង និងបង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធ្វើយ៉ាងណាបង្ការ និងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាព នូវការឆ្លងរាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់និងអ្នកចាក់គ្រឿងញៀន
*ទី៥ ៖ សូមបងប្អូនសហគមន៍នៃអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ក្រុមប្រឈមមុខខ្ពស់ នៃការឆ្លងមេរោគអេដស៍ អ្នកស្ម័គ្រចិត្តសុខភាព ភូមិ មេភូមិ មេឃុំ ចៅសង្កាត់នៅថ្នាក់មូលដ្ឋានទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងធ្វើការរួមគ្នា សហការគ្នាដើម្បីទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីបញ្ហាអេដស៍។
*ទី៦ ៖ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រប់សហគមន៍ ត្រូវយកចិត្តទុកដាក់ គ្រប់គ្រងឱ្យកាត់បន្ថយការចម្លង មេរោគអេដស៍ ក្នុងចំណោមក្រុមប្រឈមខ្ពស់នឹងការចម្លងមេរោគអេដស៍ ឆាប់ធ្វើតេស្ត ឆាប់ដឹងឆាប់ព្យាបាល
*ទី៧ ៖ សូមបងប្អូនប្រជាពលរដ្ឋត្រូវមានភាពស្មោះត្រង់ ស្នេហាប្តីមួយ ប្រពន្ធមួយ ដើម្បីសុភមង្គលក្នុងក្រុមគ្រួសារ សង្គមជាតិ និងកាត់បន្ថយបាន អំពើហិង្សានានា និងការឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍៕